បរទេស៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា (បុរស) នឹងត្រូវប្រកួតបើកឆាកប្រចាំពូល C ជាមួយក្រុមជម្រើសជាតិឥណ្ឌា នាវេលាម៉ោង ១៨:០០(ម៉ោងនៅកម្ពុជា) ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះហើយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
សម្រាប់ការប្រកួតទី២ ក្រុមកម្ពុជានឹងត្រូវជូបក្រុមកូរ៉េខាងត្បូង នាវេលាម៉ោង ១៣:៣០នាទី (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតជម្រុះក្នុងពូល C។ ប្រភេទកីឡាបាល់ទះបុរសមាន១៩ប្រទេសចូលរួម ដោយត្រូវបានបែងចែកជា៦ពូល ដោយក្នុង១ពូលៗមាន៣ក្រុមស្មើៗគ្នា លើកលែងតែពូល F មួយប៉ុណ្ណោះដែលមាន៤ក្រុម។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈលទ្ធផលមេដាយសំរឹទ្ធឆ្នាំ២០២២ ដែលក្រុមបាល់ទះកម្ពុជាដណ្តើមបានក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងមេដាយប្រាក់ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រុមបាល់ទះកម្ពុជានឹងបង្ហាញខ្លួនសារជាថ្មីនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games)នៅប្រទេសចិនដែលកម្ពុជាពុំបានចូលរួមនៅក្នុងពានរង្វាន់មួយនេះអស់រយៈកាលជាង៥០ឆ្នាំ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា