ខ្សែការពារស្តាំបានជម្រះមន្ទិលសង្ស័យអំពីអនាគតរបស់គាត់ ជាមួយក្រុមរបស់លោក Pep Guardiola បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ កីឡាករសញ្ជាតិអង់គ្លេសបានខិតជិតក្នុងការផ្លាស់ទៅ Bayern ប៉ុន្តែឥឡូវនេះគាត់បានប្តេជ្ញាចិត្តបន្តជាមួយ Man City រយៈពេលពីរឆ្នាំទៀត ។
កាលពីរដូវកាលមុន Pep Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា Walker មិនមានសមត្ថភាពក្នុងការលេងក្នុងទម្រង់លេងថ្មីរបស់ក្រុមនោះទេ។ ទោះជាយ៉ាងណាក៏ដោយ Walker បានលេងនៅតំបន់មួយនោះរហូតក្លាយជាផ្នែកសំខាន់ក្នុងការនាំក្រុមឈ្នះពានរង្វាន់បីក្នុងមួយរដូវកាល ។ Walker បានក្លាយជាប្រធានក្រុមចាប់តាំងពី Kevin De Bruyne បានរងរបួសនៅក្នុងការប្រកួតដំបូងនៃរដូវកាលថ្មី។
Walker បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ Man City ថា៖ «សម្រាប់ខ្ញុំ គ្រួសាររបស់ខ្ញុំ ពិតជារីករាយណាស់ ដែលបានមកទីនេះ។ ពេលខ្ញុំបានបន្តជាមួយក្លឹបដ៏អស្ចារ្យពីររដូវកាលទៀត វាពិតជាកិត្តិយសណាស់។ ខ្ញុំគិតថានៅក្នុងក្រុមនេះមានអ្វីដែលពិសេស។ ជាក់ស្តែង យើងបានឈានដល់កម្រិតដ៏ខ្ពស់កាលពីរដូវកាលមុន ក្នុងការឈ្នះពានរង្វាន់បី និងទីបំផុតទទួលបាន Champions League ដែលជាពានរង្វាន់មួយដែលក្រុមក្រុមមិនធ្លាប់ឈ្នះ ហើយខ្ញុំចង់ធ្វើវាម្តងទៀត»។
គួបញ្ជាក់ផងដែរ បន្ទាប់ពីឆ្លងកាត់នៅ Tottenham កីឡាករវ័យ 33 ឆ្នាំ Walker បានចូលរួមជាមួយ Man City ក្នុងឆ្នាំ 2017 ក្នុងតម្លៃ 50 លានផោន ហើយចាប់តាំងពីពេលនោះមកបានឈ្នះពានរង្វាន់ Premier League ចំនួន 5 ដង Carabao Cup 4 ដង FA Cup 2 និង Champions League ម្តង៕