សៀមរាប៖ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តជាលើកទី២ នឹងកើតមាននៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅ ចំកំពូល កណ្ដាល នៃប្រាសាទអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវសូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ។ សូមបញ្ជាក់ផងដែរថា Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ។ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា