ក្រុមបាល់ទាត់ជម្រើសជាតិនារីដកខ្លួនចេញពីការប្រកួតកីឡាអាស៊ី នៅប្រទេសចិន

0

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានដកខ្លួនចេញពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងHangzhou ប្រទេសចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានគូសបញ្ជាក់ពីមូលហេតុសំខាន់ៗមួយចំនួនដែលក្រុមបាល់ទាត់នារីមិនបានចូលរួមការប្រកួតដ៏ធំ រៀងរាល់៤ឆ្នាំម្តងនេះថា បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពិបាកក្នុងការស្វែងរកកីឡាការិនីដែលមានសក្តានុពល ក្នុងការចូលរួមការប្រកួតអាស៊ីហ្គេម (ASIAN Games) លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាពុំមានលទ្ធភាពក្នុងការប្រមូលផ្តុំកីឡាការិនី ដើម្បីបញ្ជូនទៅធ្វើការហ្វឹកហាត់ និងចូលរួមក្នុងការប្រកួត។

បន្ថែមពីលើនេះ លោកអគ្គលេខាធិការសង្កត់ធ្ងន់បន្ថែមថា៖ «យើងបានដកខ្លួនពិតមែន ដោយសារយើងត្រៀមខ្លួនមិនបានល្អ ក្រោយពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ បញ្ហាមួយផ្សេងទៀតគឺក្រុមនារីយើងមិនអាចប្រមូលផ្ដុំឡើងវិញបាន ដោយសារកីឡាការិនីមួយចំនួនឈឺ (របួស) ហើយកីឡាការិនីមួយចំនួនទៀតជាប់រៀនសូត្រដល់ឆ្នាំប្រឡង ដែលមិនអាចបោះជុំរំហ្វឹកហាត់រយៈពេលយូរ។ រឿងលំបាកមួយទៀត ដោយសារអាណាព្យាបាលមួយចំនួនមិនអនុញ្ញតឱ្យកូនស្រីរបស់ខ្លួនចាកចេញទៅក្រៅ រយៈពេលយូរ។ គួររម្លឹកថា ការប្រកួតកីឡាអាស៊ី លើកទី១៩  នៅប្រទេសចិន ឆ្នាំ២០២២ ដែលលើកពេលមកឆ្នាំ២០២៣ ដោយសារវិបត្តិជំងឺកូវីដ-១៩ គឺក្រុមជម្រើសជាតិនារីកម្ពុជាស្ថិតនៅពូល C ជាមួយកូរ៉េខាងជើង និងសិង្ហបុរី។» លោកបានលើកឡើងទៀតថា។

បើទោះបីជាប្រភេទកីឡាបាល់ទាត់ផ្នែកនារីបានប្រកាសដកខ្លួនក៏ពិតមែន ប៉ុន្តែប្រភេទកីឡាមួយចំនួនទៀតរបស់កម្ពុជានៅតែបន្តគម្រោងត្រៀមខ្លួនចូលរួមកីឡាអាស៊ីនេះជាធម្មតា ដោយប្រភេទកីឡាមួយចំនួនកំពុងហ្វឹកហាត់ត្រៀម នៅប្រទេសចិន និងហ្វឹកហាត់ក្នុងស្រុក៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា