ឯកឧត្តម ណយ ផាណា៖ ការចេញទៅប្រកួតជើងឯកអាស៊ី គឺដើម្បីដណ្តើម សិទ្ធផលល្អជូនជាតិ មិនគ្រាន់តែដកស្រង់បទពិសោធន៍នោះទេ

0

ភ្នំពេញ៖ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានលើកឡើងថា ការចេញទៅប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាអេរ៉ូប៊ិកជើងឯកអាស៊ី ឆ្នាំ២០២៣ នៅប្រទេសម៉ុងហ្គោលី នាពេលនេះ គឺមិនមែនផ្តោតសំខាន់តែទៅលើការដកស្រង់បទពិសោធន៍តែមួយមុខនោះទេ ប៉ុន្តែគោលដៅចម្បង គឺដើម្បីដណ្តើមសិទ្ធផលល្អយកមកជូនជាតិ។

នេះជាការលើកឡើងរបស់អ្នកជំនាញកីឡាកាយសម្ព័ន្ធកម្ពុជារូបនេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជាសរុប១១នាក់បានចេញដំណើរកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធ ជើងឯកអាអេរ៉ូប៊ិកអាស៊ី លើកទី៨ ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

ឯកឧត្តម ណយ ផាណា បានពន្យល់លើហេតុផលពីរចម្បងៗយ៉ាងដូច្នេះថា៖ «យើងដឹងហើយថា ប្រភេទកីឡាជំនាញបើហ្វឹកហាត់ដោយមិនបានចេញទៅប្រកួត គឺមិនអាចធ្វើអ្វីឱ្យបានល្អនោះទេ ហើយក៏មិនមែនមានន័យថា គ្រប់ការប្រកួតកន្លងមកសុទ្ធតែសម្តៅទៅលើតែបទពិសោធន៍នោះដែរ ពោលគឺទី១ យើងត្រូវដាក់គោលដៅបង្កើនសិទ្ធផលឱ្យកាន់តែខ្ពស់ និងដណ្តើមលទ្ធផលល្អជូនជាតិ។ ទី២ ក៏ទទួលបានបទពិសោធន៍ផងដែរ ដោយក្នុងបទពិសោធន៍នេះនឹងបញ្ជាក់ឱ្យយើងដឹងច្បាស់ថាខ្លួនឯងខ្វះខាតលើចំណុចអ្វីខ្លះ ហើយការដឹកនាំរបស់គ្រូបង្វឹកខ្វះខាតលើចំណុចណាខ្លះ។ មានន័យថា រាល់ការចេញទៅប្រកួត មិនត្រឹមតែដើម្បីតែបទពិសោធន៍តែមួយមុខនោះទេ គឺមានន័យថា ចេញទៅគឺដើម្បីស្វែងរកលទ្ធផល»។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ការប្រកួតលើកនេះ យើងទាំងអស់គ្នានឹងប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកលទ្ធផលល្អជាមេដាយយកជូនជាតិមាតុភូមិកម្ពុជា។ នេះជាការចូលរួមប្រកួតអន្តរជាតិថ្មីមួយទៀត ក្រោយបញ្ចប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយកីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជាតែងតែប្រឹងប្រែងហ្វឹកហាត់ ក្រោមការជំរុញគាំទ្រពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផងនោះ ឯកឧត្តមដាក់ក្តីសង្ឃឹមថា កាយសម្ព័ន្ធកម្ពុជានឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។
បន្ថែមពីលើនេះ អ្នកជំនាញកីឡាកាយសម្ព័ន្ធរូបនេះបានសង្កត់ធ្ងន់ថា ការហ្វឹកហាត់បំប៉នបច្ចេកទេស រួមទាំងការចូលរួមប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៣នេះ គឺដើម្បីសម្រួចគោលដៅត្រៀមឆ្ពោះទៅការប្រកួតអន្តរជាតិធំៗ នាឆ្នាំ២០២៤បន្តទៀត, ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ ជាពិសេសសម្រួចឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដូច្នេះ ប្រសិនបើការហ្វឹកហាត់ត្រៀមមិនត្រឹមតែ១ឆ្នាំ ២ឆ្នាំ សូម្បីតែហ្វឹកហាត់១០ឆ្នាំ ហើយមិនបានចូលរួមប្រកួតអន្តរជាតិញឹកញាប់នោះទេ គឺមិនអាចទទួលបានលទ្ធផលល្អនោះទេ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកាយសម្ព័ន្ធកម្ពុជាផ្នែកអាអេរ៉ូប៊ិកនឹងប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស (IM), ឯកត្តជននារី (IW), ទ្រីយ៉ូ (TRIO) និងក្រុម ដោយកម្ពុជាមានសមាសភាពកីឡាការិនី៧នាក់ និងកីឡាករម្នាក់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា