ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាក្រោម២៣ឆ្នាំ (U23) បានបាត់បង់ឱកាសទាំងស្រុងហើយ ក្នុងការឆ្ពោះទៅប្រកួតបន្តនៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបានប្រកួតចាញ់ក្នុងលទ្ធផល ១ទល់៦ជាមួយក្រុមម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត ដែលជាក្រុមការពារម្ចាស់ជើងឯក ឆ្នាំ២០២២ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន PRINCE SULTAN BIN នៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ី ក្រោមអាយុ២៣ឆ្នាំ (AFC U23 Asian Cup Qatar 2024)។
ក្រុម U23 កម្ពុជាបានបញ្ចប់បេសកកម្មហើយ នៅក្នុងការប្រកួតជម្រុះប្រចាំពូល J ដែលមាន៤ក្រុម គឺកម្ពុជា អារ៉ាប់ប៊ីសាអូឌីត ម៉ុងហ្គោលី និងលីបង់។ ក្នុងការប្រកួតចុងក្រោយនេះ គឺកម្ពុជាបានចាញ់អារ៉ាប់ប៊ីសាអូឌីត ១ទល់៤ នៅវគ្គទី១ ហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះមួយនេះបន្តរកបាន២គ្រាប់បន្ថែម ដែលជ័យជម្នះនេះធ្វើឱ្យ ក្រុមអារ៉ាប់ប៊ីសាអូឌីត រកបាន៣ពិន្ទុ សរុប ៩ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួត។ អារ៉ាប់ប៊ីសាអូឌីតត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ឬជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៤ ដែលធ្វើឡើងនៅប្រទេសកាតា។ ចំពោះក្រុមកម្ពុជាទទួលបាន៤ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ស្មើ១ ឈ្មះ១ និងចាញ់១ ឈរនៅលេខ២ ប៉ុន្តែមិនបានឡើងទៅប្រកួតនៅវគ្គ១៦ក្រុមឡើយ។
ចំពោះលទ្ធផលផ្លូវការក្រុមទាំង១៦ ដែលបានឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង១១ រួមមាន៖ ក្រុមហ្ស៊កដានី, កូរ៉េខាងត្បូង, វៀតណាម, ជប៉ុន, អ៊ូសបេគីស្ថាន, អ៊ីរ៉ាក់, អារ៉ាប់រួម, ថៃ, អូស្រ្តាលី, អារ៉ាប់ប៊ីសាអូឌីត, ឥណ្ឌូណេស៊ី។ ៤ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ រួមមាន៖ គុយវ៉ែត, តាជីគីស្ថាន, ចិន និងម៉ាឡេស៊ី។ ដោយឡែកសម្រាប់ក្រុមកាតា ដែលស្ថិតក្នុងពូល B គឺជាម្ចាស់ផ្ទះ សម្រាប់ជុំផ្តាច់ព្រ័ត្រ ឬវគ្គ១៦ក្រុមចុងក្រោយ គឺឈរនៅរង់ចាំស្រាប់ ដោយការប្រកួតក្នុងពូល B ត្រូវបានចាត់ទុកជាការប្រកួតកម្តៅសាច់ដុំ។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC U23 Asian Cup Qatar 2024 គ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា