នៅ​ទីបំផុត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បាន​លាលែង​ពី​តំណែង​ហើយ

0

លោក Luis Rubiales បាន​បញ្ជាក់​ថា គាត់​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​របស់​អេ​ស្ប៉ា​ញ បន្ទាប់​ពី​បាន​ថើប​នាង Jenni Hermoso ក្នុង​អំឡុង​ពិធី​ប្រគល់​មេដាយ​កិត្តិយស​ក្នុង​ការ​ប្រកួត World Cup នារី​ឆ្នាំ 2023​។

ចាប់តាំងពី​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) បាន​ព្យាយាម​រក្សា​តំណែង​របស់​គាត់ និង​បាន​បដិសេធ​មិន​ព្រម​លាលែង​ពី​តំណែង បើ​ទោះបីជា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ក៏​ដោយ​។

កីឡាការិនី Hermoso បាន​បញ្ជាក់​ថា ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) បាន​ស្នើ​ឱ្យ​នាង​ធ្វើ​សេចក្តីថ្លែងការណ៍​ជាមួយ​មិត្ត​រួម​ក្រុម​របស់​នាង ដើម្បី​កាត់​បន្ថយ​សម្ពាធ​លើ​លោក ហើយ​ថា​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បាន​ព្យាយាម​បង្ខិតបង្ខំ​មិត្ត​ភ័ក្តិ និង​ក្រុម​គ្រួសារ​របស់​នាង​ឱ្យធ្វើ​សេចក្តីថ្លែងការណ៍​គាំទ្រ Rubiales ។

ម្ចាស់​ជើងឯក World Cup បាន​ដាក់​ពាក្យបណ្តឹង​ផ្លូវច្បាប់​ប្រឆាំង​នឹង Rubiales ហើយ​ថ្មី​ៗ​នេះ​គាត់​ក៏​ត្រូវ​បាន FIFA ពិន័យ​ព្យួរការងារ ដោយ​កីឡាក​រិ​នី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ មិន​យល់​ស្រប​ចំពោះ​ការ​ថើប​មួយ​នេះ​។

ទីបំផុត Rubiales បាន​បញ្ជាក់​ពី​ការ​លាលែង​របស់​គាត់​ពី RFEF ដោយ​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​បន្ទាប់​ពី​ការ​ព្យួរ​ពី FIFA បូក​រួម​ទាំង​រឿង​រាវ​ផ្សេង​ទៀត​ដែល​បាន​ប្រឆាំង​នឹង​ខ្ញុំ វា​ជា​ភស្តុ​តាង​ដែល​ថា​ខ្ញុំ​មិន​អាច​ត្រលប់​ទៅ​កាន់​តំណែង​របស់ខ្ញុំ​បាន​ទេ​។ ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​យល់ព្រម​ចាកចេញ​ពី​តំណែង​មួយ​នេះ​»​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Piers Morgan ដែល​បាន​ថត​កាលពី​ល្ងាច​ថ្ងៃអាទិត្យ Rubiales បាន​បញ្ជាក់​ថា​គាត់​បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង បន្ទាប់​ពី​បាន​និយាយ​ជាមួយ​គ្រួសារ​របស់​គាត់​ដោយ​បង្ហាញ​ថា​៖

«​ខ្ញុំ​បាន​និយាយ​ជាមួយ​ឪពុក​ខ្ញុំ កូនស្រី​របស់ខ្ញុំ ។ ខ្ញុំ​ក៏​បាន​និយាយ​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ផង​ដែរ​។ ពួក​គេ​បាន​និយាយ​ថា “Luis អ្នក​ត្រូវ​តែ​ផ្តោត​លើ​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក ដើម្បី​បន្តជីវិត​របស់​អ្នក ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់ កីឡា​ដែល​អ្នក​ស្រលាញ់ និង​ការ​ដេញថ្លៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 2030 ដែល​អ្នក​ចង់បាន​»៕