ប្រធានក្រុម Liverpool កីឡាករ Virgil van Dijk បានឆ្លើយតបជាសាធារណៈចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ក្នុងការពិន័យលើគាត់សម្រាប់កាតក្រហមក្នុងការប្រកួតទល់នឹង Newcastle United និងការចោទប្រកាន់ជាបន្តបន្ទាប់ពីការបង្ហាញអាកប្បកិរិយាមិនសមរម្យ។
ខ្សែការពាររូបនេះត្រូវបានបណ្ដេញចេញ បន្ទាប់ពីបានបង្កកំហុសលើកីឡាករ Alexander Isak ខណៈដែលគេកំពុងព្យាយាមស្វែងរកការស៊ុតបញ្ចូលទី។ បន្ទាប់មក Van Dijk បានចាត់ទុកការសម្រេចចិត្តរបស់អាជ្ញាកណ្តាល John Brooks ថាជារឿងគួរអោយអស់សំណើច។ ជាលទ្ធផលនៃការបណ្តេញចេញ Van Dijk ត្រូវបានព្យួរមួយប្រកួតដោយស្វ័យប្រវត្តិ។
កាលពីថ្ងៃសុក្រ សមាគមបាល់ទាត់ (FA) បានដាក់ពិន័យមួយប្រកួតបន្ថែមទៀត លើកំហុសនេះ បន្ទាប់ពីរកឃើញថា Van Dijk មានកំហុសពីការប្រព្រឹត្តមិនសមរម្យ ហើយគាត់ត្រូវបានពិន័យជាប្រាក់ ១០ ម៉ឺនផោនបន្ថែមទៀត។
សេចក្តីថ្លែងការណ៍របស់ សមាគមបាល់ទាត់ (FA) បានសរសេរថា៖ «ខ្សែការពារបានសារភាពថា ខ្លួនបានប្រព្រឹត្តក្នុងលក្ខណៈមិនសមរម្យ និងបានប្រើពាក្យប្រមាថ ទៅលើមន្ត្រីក្នុងការប្រកួត បន្ទាប់ពីត្រូវបានបណ្តេញចេញនៅនាទីទី 29 ហើយទណ្ឌកម្មត្រូវបានដាក់ជាបន្តបន្ទាប់។ ហេតុផលជាលាយលក្ខណ៍អក្សរ សម្រាប់ករណីនេះ នឹងត្រូវបានផ្សព្វផ្សាយនៅពេលកំណត់»។
Van Dijk ឥឡូវបានឆ្លើយតបនឹងការសម្រេចចិត្តរបស់សមាគមបាល់ទាត់ (FA) នៅលើ Instagram ដោយទទូចថា ការដាក់ពិន័យបែបនេះគឺយុត្តិធម៌ ហើយគាត់ព្រមទទួលកំហុស។
Van Dijk បានសរសេរថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ខ្ញុំទទួលយកការសម្រេចចិត្តទាំងស្រុងរបស់គណៈកម្មាការ។ វាគឺជាកាតក្រហមដំបូងរបស់ខ្ញុំនៅរដូវកាលនេះ»។
«ខ្ញុំបានសុំទោសភ្លាមៗ ទៅកាន់មន្ត្រីនៃការប្រកួតបន្ទាប់ពីការប្រកួត និងទទួលខុសត្រូវទាំងស្រុង។ ដល់ពេលត្រូវដើរទៅមុខ។ ខ្ញុំនឹងបន្តជួយក្រុមតាមគ្រប់មធ្យោបាយដែលខ្ញុំអាចធ្វើបាន»៕