បន្ទាយមានជ័យ ៖ ក្មេងប្រុស១នាក់ក្នុងចំណោមគ្នីគ្នា៤ទៅ៥នាក់បានលង់ទឹកស្លាប់ចំណុចកន្លែងក្បែរភ្នំពង្រជាកន្លែងដែលគេកាយដី ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។
នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ មុនពេលកើតហេតុក្មេងមួយក្រុមមានគ្នីគ្នាប្រហែលជា៤ទៅ៥នាក់បានមកជួបជុំគ្នាលេងទឹកនៅចំណុចកន្លែងក្បែរភ្នំពង្រជាកន្លែងដែលគេកាយដី នៅពេលលេងទឹកនោះក៏ស្រាប់តែមានក្មេងប្រុស០១នាក់ ឈ្មោះ រតនា ភេទប្រុស អាយុប្រហែល ១៥ ឆ្នាំ រស់នៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានលង់ទឹកហើយក៏បានអន្តរាគមន៍ពីកងទ័ពអាកាសនៅក្បែរនោះមកចុះជួយស្រង់យកមកដាក់លើគោកនិងបានទាក់ទងរថយន្តសង្រ្គោះបញ្ជូនក្មេងនោះទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ប៉ុន្តែជាអកុសលពេលដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាក្មេងរងគ្រោះបានស្លាប់បាត់ហើយ ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់អាណាព្យា ក៏ដូចជាឪពុកម្តាយគ្រប់រូប ត្រូវណែនាំដល់កូនចៅកុំឲ្យទៅងូតទឹកលេងនៅកន្លែងដែលគេកាយយកអាចម៍ដី ព្រោះកន្លែងនោះមានជម្រៅជ្រៅៗណាស់វាអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតកូនចៅរបស់យើង ប្រសិនបើគ្មាមនុស្សចាស់នៅក្បែរទេនោះ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ