ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ក្រុមជម្រើសជាតិអេស្ប៉ាញឈុតធំ ហើយក៏បានស៊ុតបញ្ចូលទីជាលើកដំបូងនៅក្នុងការប្រកួតដំបូង ។
នៅអាយុ 16 ឆ្នាំ និង 57 ថ្ងៃ Yamal បានបំបែកកំណត់ត្រានៃការបង្ហាញខ្លួននៅអាយុតិចបំផុត របស់មិត្តរួមក្រុម Gavi ដែលមានអាយុ 17 ឆ្នាំ និង 62 ថ្ងៃ នៅពេលដែលគាត់បានលេងជាលើកដំបូងសម្រាប់ក្រុមជម្រើសអេស្ប៉ាញ។
នៅមុនការប្រកួតនៅថ្ងៃសុក្រនេះ គ្រូបង្វឹកអេស្ប៉ាញ Luis de la Fuente បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា «Lamine Yamal ហាក់ដូចជាល្អណាស់សម្រាប់ខ្ញុំ ពេលមើលគាត់តាមការបង្ហាញខ្លួនសម្រាប់ Barca ។ ប៉ុន្តែឥឡូវនេះខ្ញុំកំពុងធ្វើការជាមួយគាត់ ខ្ញុំគិតថាគាត់ល្អជាងនៅពេលដែលខ្ញុំបានមើលគាត់ទៅទៀត»។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះក៏បានបំបែកកំណត់ត្រា ហើយបានក្លាយជាកីឡាករក្មេងបំផុតដែលបង្ហាញខ្លួនឱ្យក្រុមឈុតធំរបស់ Barcelona ។ គាត់ត្រូវបានជាប់ឈ្មោះជាកីឡាករបម្រុង ក្នុងការឈ្នះជាមួយ Real Betis នៅអាយុ 15 ឆ្នាំ និង 290 ថ្ងៃ៕