បរទេស៖ កីឡាករវ័យ ២៣ឆ្នាំ បានក្លាយជាប្រធានបទក្តៅ ក្រោយរូបគាត់ត្រូវបានអតីតមិត្តស្រីដែលមានឈ្មោះ Gabriela Cavallin ធ្វើការចោទប្រកាន់។ នាងបានអះអាងថា Antony បានធ្វើការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះនាង។ ហើយគាត់ក៏ធ្លាប់បានគប់កែវ ធ្វើអោយមុតម្រាមដៃរបស់នាងដ៏ឆ្អឹង និងធ្លាប់បានគំរាមសម្លាប់នាងផងដែរ។
ហើយកាលពីដើមសប្តាហ៍កន្លងមកនេះ កីឡាករ Antony ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិប្រេស៊ីលភ្លាមៗ ដោយសារតែការចោទប្រកាន់មួយនេះ ខណៈពេលដែលការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងពីសំណាក់សមត្ថកិច្ចនៅទីក្រុង Sao Paulo និង Manchester។
ខ្សែបម្រើស្លាបដែលមានតម្លៃខ្លួន ៨៥លានផោន ហើយបានផ្ទេរមកកាន់ Old Trafford កាលពីឆ្នាំ២០២២កន្លងមក បានត្រូវចោទប្រកាន់ទៅលើបទល្មើសស្រដៀងគ្នានេះ ពីសំណាក់ស្ត្រីដល់ទៅ ២នាក់ផ្សេងទៀត។
ក្នុងនោះនារីម្នាក់មានឈ្មោះ Rayssa de Freitas បានអះអាងថា នាងត្រូវសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍មួយបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២២ ដោយនាងត្រូវបានវាយប្រហារដោយកីឡាករ Antony និង Mallu Ohana ដែលជាអតីតភរិយារបស់កីឡាករប្រេស៊ីស Dudu បន្ទាប់ពីបានចូលក្លឹបរាត្រីនៅទីក្រុង Sao Paulo។
ហើយករណីផ្សេងមួយទៀត កើតឡើងចំពោះនារីឈ្មោះ Ingrid Lana ដែលជាបុគ្គលធានាគារ មានវ័យ ៣៣ឆ្នាំ។ នាង បាននិយាយនៅក្នុងបទសម្ភាសន៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Record TV ដោយបញ្ជាក់ថា កីឡាករ Antony បានធ្វើសកម្មភាពបំពានមកលើនាងកាលពីខែតុលា ឆ្នាំ២០២២។ នាងក៏បានបន្ថែមទៀតថា “គាត់បានព្យាយាមរួមភេទជាមួយខ្ញុំ ដោយខ្ញុំមិនចង់ធ្វើរឿងនេះ។ គាត់បានធ្វើការរុញខ្ញុំផ្ទុបទៅនឹងជញ្ជាំង ហើយនឹងបានវាយក្បាលខ្ញុំទៀតផង”។
ដោយឡែកសម្រាប់ខាងកីឡាករ Antony វិញ ក៏បានចេញមកធ្វើការបដិសេធនៅរាល់ការចោទប្រកាន់ទាំងអស់ដែលមានមកលើរូបខ្លួន។
សម្រាប់ក្លឹប Manchester United បានទទួលស្គាល់ការចោទប្រកាន់នេះដោយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា “ពួកគេកំពុងពិចារណាចំពោះរឿងនេះយ៉ាងយកចិត្តទុកដាក់” ប៉ុន្តែនៅមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ទាក់ទងនឹងសកម្មភាពរបស់ Antony ក្នុងក្រុមបិសាចក្រហម និងថាតើគាត់អាចនឹងចូលរួមក្នុងការប្រកួត Premier League និង Champions League ដែរឬទេ៕