ភ្នំពេញ៖កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ បានធ្វើការបង្ក្រាបក្មេងទំនើងប្រុសស្រីជិត២០នាក់នៅទីតាំង០២ក្លែងផ្សេងគ្នាគឺនៅក្នុងខណ្ឌជ្រោយចង្វារ និង ខណ្ឌដូនពេញ ។ ការបង្ក្រាបពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ករណីទី១នៅខណ្ឌជ្រោយចង្វារ៖ ក្មេងទំនើងជាស្ត្រីវ័យក្មេងចំនួន ៧ នាក់ដើរផឹកស៊ីត្រូវបានបង្ក្រាបនៅចំណុចសួនសុខា កាលពីវេលាម៉ោង ១២កន្លះអធ្រាត្រថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលពួកគេបានបង្កភាពអនាធិបតេយ្យ ក្រោមរូបភាព វៃគ្នានៅលើសួនសុខាធ្វើឱ្យមានការភ្ញាក់ផ្អើល។ បច្ចុប្បន្នក្មេងទំនើងទាំង០៧នោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររៀបចំនីតិវិធី។
ដោយឡែកករណីទី២ក្មេងទំនើង ចំនួន១២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបបាន ក្នុងករណីទំនាស់ ជិះម៉ូតូដេញវាយគ្នា ដែលប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១ និង៣០នាទីទៀបភ្លឺ។
លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសបានឱ្យដឹងថា៖នៅមុនពេលកើតហេតុ មានក្មេងទំនើងចំនួន០២ក្រុម ដោយក្រុមទី១មានម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ និងក្រុមទី២មានម៉ូតូចំនួន៤គ្រឿង គ្នាចំនួន៨នាក់ ដែលមានទំនាស់ដេញធាក់ម៉ូតូគ្នាបណ្តាលអោយដួលនៅម្តុំអង់តែនទួលគោក នៃខណ្ឌទួលគោក ហើយបានបន្តជិះម៉ូតូដេញវាយគ្នាមកដល់ចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន១២នាក់ អាយុចន្លោះចាប់ពី១៣ ទៅ១៧ឆ្នាំ រួមនឹងម៉ូតូចំនួន៦គ្រឿង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីសាកសួរ។ក្នុងចំណោមក្មេងទំនើងទាំង០២ក្រុមនោះក៏បណ្តាលឱ្យមានអ្នករងរបួស០២នាក់ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ