វីរភាពរបស់កីឡាការិនី ប៊ូ សំណាង និង ប៉ាល់ ឆរស្ម៊ី ជាបេក្ខភាពដំបូងគេ ក្នុងការឆ្លាក់រូបសំណាកលើផ្ទាំងប្រវត្តិសាស្ត្រនៃវិមាន ឈ្នះ ឈ្នះ

0

ភ្នំពេញ៖ កីឡាការិនីអត្តពលកម្មកម្ពុជា និងកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាត្រូវបានចាត់ទុកជាវីរភាពដ៏អស្ចារ្យ និងជាបេក្ខភាពដំបូងគេ ក្នុង​ការជ្រើសរើសសម្រាប់ការឆ្លាក់រូបសំណាក់ទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ នៃវិមាន ឈ្នះ ឈ្នះ ដែល​ស្ថិតនៅទល់មុនពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នេះ​បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានផ្តល់បទសម្ភាសន៍​ជាមួយសារព័ត៌មាន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «ឥឡូវនេះ គម្រោងចម្លាក់រូបសំណាកអត្តពលិកឆ្នើមៗ​នៅវិមានឈ្នះ ឈ្នះ គឺស្ថិតក្នុងនីតិវិធីរៀបចំនៅឡើយទេ។ ប៉ុន្តែនៅក្នុងនោះវីរភាពលេចធ្លោជាងគេ គឺកីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ហើយបន្ថែមពីលើនេះយើងនឹងជ្រើសរើសម្ចាស់ជ័យ​លាភី​មេដាយមាសស៊ីហ្គេម ដែលលេចធ្លោជាងគេ និងមេដាយមាសច្រើនជាងគេ។ ដូច្នេះជាដំបូង យើងមានកីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលដណ្តើមបានពានរង្វាន់​ឆ្នើម​ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ក្នុងពិធីបិទជាផ្លូវការ។ «ចំពោះអត្តពលិកឆ្នើមៗបន្ថែមទៀត យើង​កំពុងជ្រើសរើស ដោយកំពុងធ្វើការជាមួយក្រសួងការពារជាតិ ក្នុងការឆ្លាក់រូបសំណាកពួក​គាត់​នៅលើផ្ទាំងវិមានឈ្នះ ឈ្នះ ដើម្បីចារឹកទុកជាប្រវត្តិសាស្ត្រ។ បញ្ហាឆ្លាក់រូបសំណាកអត្តពលិក​ឆ្នើមៗ​នៅវិមានឈ្នះ ឈ្នះ គឺទទួលបានការអនុញ្ញាតិពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យ​សេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣​ រួចហើយ កាលពីពេលបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម កន្លងទៅ។ ចំពោះការកំណត់​ចំនួន​អត្តពលិកថាប៉ុន្មាននាក់ ដែលត្រូវឆ្លាក់លើផ្ទាំងនៃវិមានឈ្នះ ឈ្នះ មិនទាន់ដឹងនៅឡើយទេ ដោយ​សារតែយើងត្រូវសិក្សាមើលលើទំហំដែលនៅសល់ រួមទាំងការសិក្សាលើរូបមេដាយ​ផ្សេងៗ​ទៀត»។ ​ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។

ឆ្លើយនឹងសំនួរ ដែលសួរថាតើ ថ្នាក់ដឹកនាំនឹងអាចត្រូវឆ្លាក់រូបសំណាកលើផ្ទាំងសិលា​ដែរ​ឬទេ ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា នៅក្នុងកីឡា គេយកតែវីរភាពរបស់កីឡាករ កីឡាការិនី​ជាធំប៉ុណ្ណោះ។

គួរបញ្ជាក់ថា កីឡាការិនី ប៊ូ សំណាង ដែលចូលរួមរត់ប្រណាំងក្នុងប្រភេទកីឡាអត្តពលកម្ម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​បា​ន​ប្រារព្ធធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ កីឡាការិនី ប៊ូ សំណាង មិន​ទទួលបានមេដាយទេ ក្នុងការប្រកួតប្រជែងនេះ ប៉ុន្តែ ប៊ូ សំណាងបានបង្ហាញពីការតស៊ូរត់​ប្រណាំង​​ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ ដែលបានឆក់យកបេះដូងអ្នកគាំទ្រ​នៅជុំវិញពិភព​លោក តាមរយៈការផ្សព្វផ្សាយយ៉ាងល្បីល្បាញពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិយ៉ាងល្បី​ល្បាញ។ ចំពោះកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី គឺជាអត្តពលិកឆ្នើមរបស់កម្ពុជា ដែលដណ្តើម​បាន​មេដាយច្រើនជាងគេ រហូតដល់៦គ្រឿង គឺមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ​១គ្រឿង។ ប៉ាល់ ឆរស្ម៊ី ទទួលបានពានរង្វាន់អត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្លាផងដែរ។

បង្ហាញចំណាប់អារម្មណ៍ដោយផ្ទាល់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កីឡាការិនីឆ្នើម ប៉ាល់ ឆរស្ម៊ី គូសបញ្ជាក់ថា «ខ្ញុំពិតជាមិនបានដឹងព័ត៌​មាន​នេះ ពីមុនមកទេ ប៉ុន្តែពេលទទួលបានដំណឹងនេះភ្លាម នាងខ្ញុំរាងអាក់បន្តិចដែរ ដោយសារតែរំភើប​ចិត្តខ្លាំង។ មិននឹកស្មានថា នេះជាឱកាសល្អសម្រាប់ខ្លួនឯងនោះទេ។ នាងខ្ញុំសូមថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានផ្តល់មហាកិត្តិយសដ៏ធំធេងសម្រាប់​កីឡា​ករ កីឡាការិនីនានា ដូចជារូបនាងខ្ញុំជាដើម។ នេះជាកិត្តិយស ដែលការខិតខំហ្វឹកហាត់ និងការ​ដណ្តើមមេដាយជូនជាតិ ហើយពេលទទួលមកវិញនូវការលើកតម្លៃពីជាតិ។ ការលះបង់របស់យើង​ខ្ញុំជាអត្តពលិកពិតជាមានប្រយោជន៍ធំធេង ហើយតែងតែងទទួលបានកិត្តិសយធំធេងជាបន្ត​បន្ទាប់​»។

បន្ថែមពីលើនេះ កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានលើកឡើងទៀតថា ម្យ៉ាងទៀត នៅពេលដែល​ថ្នាក់ដឹកនាំបានលើកកម្កើងគុណតម្លៃរបស់កីឡាករ កីឡាការិនី ដែលតែងតែខិតខំស្វែងរកស្នាដៃ​ជូនជាតិ ម្ចាស់មេដាយមាសកីឡាវ៉ូវីណាមជម្រើសជាតិរូបនេះគោរពកោតសរសើរខ្លាំងណាស់ ហើយ​នេះជាគំរូមួយសម្រាប់អត្តពលិកកម្ពុជាជំនាន់ក្រោយៗកាន់តែមានកម្លាំងចិត្ត ខិតខំ​ប្រឹង​ប្រែង ដើម្បីកិត្យានុភាពជាតិជាបន្តបន្ទាប់ទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា