ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង កំពង់ចាម កំពត កំពង់ធំ សៀមរាប ស្វាយរៀង រតនៈគិរី និងរាជធានីភ្នំពេញ នាថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រី ក.ប.ប. ក្នុងខេត្តខាងលើបានបន្តនាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ចុះត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈ ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់បានសរុបចំនួន ៣៤ស្ថានីយ ដេប៉ូ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឱ្យដឹងថា ក្នុងចំណោមស្ថានីយ ដេប៉ូទាំងនោះ មានដេប៉ូតែ ១ទីតាំងប៉ុណ្ណោះ ដែលត្រូវបានរកឃើញថាពុំមានអនុលោមភាពផ្នែកបរិមាណ ដែលសកម្មភាពនេះគឺល្មើសនឹងបញ្ញត្តិនៃច្បាប់ និងត្រូវទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF