អភិបាលរងរាជធានីភ្នំពេញ ស្នើឱ្យមន្ត្រីជម្រុះចោលទស្សនបរទេសនិយម ជំនួសមកវិញនូវ ទស្សនខ្មែរធ្វើបាន ប្រទេសតូចតែមានបេះដូងធំ

0

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលខណ្ឌទាំង១៤ ជម្រុះចោលនូវទស្សនបរទេសនិយម ដោយជំនួសមកវិញនូវទស្សនខ្មែរធ្វើបាន ប្រទេសតូច តែមានបេះដូងធំ ។

ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ​ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈលោកអញ្ជើញជាអធិបតី និងតំណាងឱ្យឯកឧត្ត ម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការតាក់តែងលិខិតរដ្ឋបាល នៅសាលារាជធានីភ្នំពេញ ។

លោក កើត ឆែ បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងបុគ្គ លិកជាប់កិច្ចសន្យា និងបុគ្គលិកពេញសិទ្ធិទាំអស់ ត្រូវតែខិតខំសិក្សារៀនសូត្រ ពិសេសគឺការរៀនសូត្រលើការតាក់តែងលិខិតរដ្ឋបាលនេះឯង។ មន្ត្រីរាជការ សុទ្ធតែមានបំណងដើរឆ្ពោះទៅមុខ យ៉ាងហោចណាស់ក៏មានបំណង់ដើម្បីបម្រើជាតិដែរ ។ ដូច្នេះទេដើម្បីអាចបម្រើជាតិបាន លុះត្រាតែយើងជាមនុស្សដែលមានចំណេះដឹង។ សម្រាប់កម្ពុជាក៏មានធនធាន សម្រាប់ចែករំលែកចំណេះដឹង ទៅដល់   មន្ត្រីរបស់យើងដែរ ។

លោកអភិបាលរងរាជធានីភ្នំពេញ បានបន្តថា បន្ថែមពីនេះ ក៏ត្រូវជម្រុះចោលឱ្យអស់នូវទស្សនចាស់ហើយ មិនបាច់រៀនសូត្រទៀត ។ ការសិក្សារៀនសូត្រ គឺរៀនមិនចេះចប់នោះទេ។ មន្ត្រីយើងទាំងអស់ គឺត្រូវតែជាអ្នកដែលមានចំណេះដឹងខាងផ្នែករដ្ឋបាល ។ ថ្ងៃនេះយើងជាមន្ត្រី ថ្ងៃក្រោយយើងអាចក្លាយជាថ្នាក់ដឹកនាំគេ ។ ថ្នាក់ដឹកនាំគេ ដាច់ខាតត្រូវតែមានចំណេះដឹង ទើបអាចដឹកនាំគេបាន ។ ថ្នាក់ដឹកនាំបើមិនបានសិក្សារៀនសូត្រទេ គឺជាកំហុសឆ្គងដ៏ធំមួយហើយ។

គោលបំណង នៃការបើកវគ្គបណ្តុះបណ្ដាលខាងលើនេះ គឺដើម្បីឱ្យសិក្ខាកាមជាមន្ត្រី និងបុគ្គ  លិក នៃរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាល ឱ្យបានត្រឹមត្រូវ ទាំងទម្រង់ និងខ្លឹមសារស្របតាមក្បួនខ្នាត ដែលបាន កំណត់ និងស្ថានភាពគ្រប់គ្រងរដ្ឋបាលជាក់ស្ដែង របស់អង្គភាពនីមួយៗ។

សូមបញ្ជាក់ថា លិខិតរដ្ឋបាល ជាលិខិតដែលរៀបចំតាក់តែងឡើង ជាលាយលក្ខណ៍អក្សរសម្រាប់ជាមធ្យោបាយទំនាក់ទំនងផ្លូវការ របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមួយស្ថាប័ន អង្គភាព និងបុគ្គលនានា ក្នុងគោលបំណងជូន ព័ត៌មាន ណែនាំ អញ្ជើញ រាយការណ៍ ផ្សព្វផ្សាយ ឆ្លើយតប ឬ ចាត់តាំងបុគ្គលណាមួយ ឱ្យទៅបំពេញបេសកកម្ម ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា