Eintracht Frankfurt បានកំណត់តម្លៃសម្រាប់ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Randal Kolo-Muani ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Paris Saint-Germain នេះបើយោងតាម Relevo ។
យោងតាមប្រភពដដែល ក្លឹបអាឡឺម៉ង់មិនព្រមបញ្ចុះថ្លៃនោះទេ ហើយទាមទារមិនតិចជាង 100 លានអឺរ៉ូសម្រាប់កីឡាកររូបនេះ។ ដូច្នេះហើយ Eintracht Frankfurt បានច្រានចោលសំណើរពីក្លឹបបារាំង ដែលត្រៀមនឹងចំណាយ 70 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ រួមជាមួយនឹងប្រាក់បន្ថែមជាច្រើនលានអឺរ៉ូបន្ថែមទៀត។
Kolo-Muani មានវ័យ 24 ឆ្នាំបានលេងឱ្យ Eintracht Frankfurt តាំងពីរដូវក្តៅឆ្នាំ 2022 ។ គាត់បានចូលរួមជាមួយក្លឹបអាឡឺម៉ង់ពីក្លឹបបារាំង Nantes ដោយមិនមានតម្លៃខ្លួន។ គាត់បានលេងសរុបចំនួន 48 ប្រកួតសម្រាប់ក្លឹប Frankfurt ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ និង Assists ចំនួន 17 ដង។ ជាមួយនឹងក្លឹប Frankfurt ខ្សែប្រយុទ្ធ Kolo-Muani បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Europa League ក្នុងរដូវកាល 2022/2023 ។ កិច្ចសន្យារបស់គាត់ជាមួយក្លឹបមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2027។
គួរំលឹកឡើងវិញដែរថា Kolo-Muani បានលេងឱ្យក្រុមជម្រើសជាតិបារាំងតាំងពីឆ្នាំ 2022។ គាត់បានចូលរួមប្រកួតចំនួន 9 ដងឱ្យក្រុមជម្រើសជាតិបារាំង ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយដង។ គាត់ជាម្ចាស់មេដាយប្រាក់ជាមួយក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២៕