តើ Barcelona អាចក្លាយជាក្លឹបទី៧ នៅតំបន់អឺរ៉ូដែល Cancelo លេងអោយដែរ ឫទេ?

0

បរទេស៖ កីឡាករ Cancelo មិនបានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងជាមួយក្លឹប Man City ចាប់តាំងពីខែមករាមកម៉្លេះ នៅពេលដែលគាត់ត្រូវបានបញ្ជូនទៅកាន់ក្លឹប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីមិនស្ថិតនៅក្នុងជម្រើសរបស់លោក Pep Guardiola បន្តទៅទៀត។ នៅពេលនេះ គាត់នឹងអាចផ្ទេរទៅលេងនៅក្លឹប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងជាថ្មីម្តងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Man City និង Barca បានកំពុងធ្វើការចរចាទៅលើព័ត៌មានលម្អិតនៃការផ្ទេរមួយនេះ។ ដោយ Cancelo អាចនឹងត្រូវទៅចូលរួមជាមួយនឹងក្លឹបយក្សនៅអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។ ក្នុងនោះ ភាគីទាំង ២សង្ឃឹមថា ការផ្ទេរមួយនេះអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខ។ ហើយកីឡាករ Cancelo ក៏បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Barcelona កាលពីសប្តាហ៍មុន ដែលមានន័យថាអេស្ប៉ាញជាគោលដៅបន្ទាប់របស់គាត់។

គួរបញ្ជាក់ថា Barcelona គឺជាក្លឹបទី ៧ហើយ ដែលកីឡាករ Cancelo នឹងទៅចូលរួមនៅក្នុងតំបន់អឺរ៉ុប ដែលក្នុងនោះរួមមាន Benfica, Valencia, Inter Milan, Juventus, Man City, និង Bayern។ គាត់នឹងត្រូវលេងក្នុងតំណែងខ្សែការពារស្តាំ នៅក្នុងក្រុមរបស់លោក Xavi៕