អនាគតរបស់ខ្សែការពារ Sergino Dest នៅក្លឹប Barca ត្រូវបានលាតត្រដាង

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថា អនាគតរបស់ខ្សែការពារ Dest អាចនឹងត្រូវចាកចេញពីក្លឹប Barcelona ហើយ ដោយសារតែក្លឹបត្រូវទាមទារអោយកាត់បន្ថយនៅការចំណាយរបស់ខ្លួន។ កីឡាករវ័យ ២២ឆ្នាំរូបនេះ អាចនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ ១០លានអឺរ៉ូ។

ក្នុងនោះ ខ្សែការពារ Dest ដែលបានចំណាយពេលលេងខ្ចីជើងនៅក្លឹប AC Milan គឺមិនបានបង្ហាញផ្លែផ្កាល្អនោះទេ ដោយសារតែកីឡាករជម្រើសជាតិអាមេរិករូបនេះ បានបង្ហាញខ្លួនតែ ៨ដងប៉ុណ្ណោះអោយក្លឹប AC Milan កាលពីរដូវកាលមុន។ Dest ក៏បានបង្ហាញខ្លួនប៉ុន្មានប្រកួតក្នុងពានរង្វាន់ Champions League ផងដែរ ប៉ុន្តែក្នុងនោះមានតែម្តងប៉ុណ្ណោះដែលគាត់បានជាប់ជម្រើសដំបូង។ ដោយសារតែការបង្ហាញទម្រង់មិនសូវល្អនេះ ធ្វើអោយក្លឹប AC Milan សម្រេចចិត្តតាំងពីខែមករាមកម្ល៉េះ ថានឹងមិនទិញផ្តាច់កុងត្រារបស់ Dest នោះទេ។

គួរបញ្ជាក់ថា Dest ត្រូវបានផ្ទេរមកពីក្លឹប Ajax កាលពីឆ្នាំ២០២០ ជាមួយនឹងតម្លៃ ២១លានអឺរ៉ូ ហើយគាត់អាចនឹងត្រូវចាកចេញពីក្លឹប Barcelona ជាថ្មីម្តងទៀតនៅសប្តាហ៍ខាងមុខ។ មកដល់នឹងពេលនេះ ក៏មិនទាន់ដឹងថាមានក្លឹបនៅក្នុងតំបន់អឺរ៉ុបណាខ្លះ ដែលចាប់អារម្មណ៍ចង់បានរូបគាត់នោះទេ៕