គ្រូបង្វឹកក្រុមកាំភ្លើងធំបានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់កីឡាករសញ្ជាតិស្កុតឡេន បន្ទាប់ពីគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទឹកដី Emirates នៅរដូវក្តៅនេះ។
Mikel Arteta បានលើកឡើងថា Kieran Tierney គឺជាផ្នែកមួយនៃផែនការរបស់គាត់នៅ Arsenal ក្នុងរដូវកាលក្រោយ ទោះបីជាគាត់មានចិត្តចង់ចាកចេញពីក្រុមភាគខាងជើងទីក្រុងឡុងដ៍ក៏ដោយ។
កីឡាករសញ្ជាតិស្កុតឡេនចាប់ផ្តើមលេងបានតែ 15 ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមកាំភ្លើងធំកាលពីរដូវកាលមុន បន្ទាប់ពីកីឡាករចំណូលថ្មី Oleksandr Zinchenko បានក្លាយជាជម្រើសដំបូង។ សូម្បីតែនៅក្នុងពេលអវត្តមានរបស់ Zinchenko ក៏កីឡាករវ័យ ២៦ឆ្នាំរូបរូបនេះបានដឹងយ៉ាងច្បាស់ថា គាត់មិនស្ថិតក្នុងការពេញចិត្ត ព្រោះនៅក្នុងក្រុមមានកីឡាករ Jakub Kiwior និង Takehiro Tomiyasu ដែលជាខ្សែការពារល្អសម្រាប់ Arteta ។
បន្ទាប់ពីដឹងថាកីឡាកររូបនេះចង់ចាកចេញ គាត់ក៏ទទួលបានការទាក់ទងពីក្រុម Newcastle ផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ Arteta មានអារម្មណ៍ថាខ្សែការពារឆ្វេងនឹងនៅតែជាកីឡាករមិនអាចខ្វះបានសម្រាប់គាត់នៅរដូវកាលក្រោយ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់ football.london ថា «ច្បាស់ណាស់ គាត់មានឈ្មោះនៅក្នុងផែនការរបស់យើង។ គាត់ពិតជាធ្វើបានល្អនៅមុនបើករដូវកាល មិនមែនជាលើកដំបូងទេ ហើយនេះគឺជាអ្វីដែលយើងចង់បាន។ ដើម្បីបង្កើនកម្រិតនៃការប្រកួតប្រជែងនៅក្នុងក្រុម និងបង្កើនកម្រិតសម្រាប់កីឡាករម្នាក់ៗ។ នោះនឹងក្លាយជាអត្ថប្រយោជន៍ ដ៏ធំមួយសម្រាប់ក្រុម ដើម្បីឈានដល់កម្រិតមួយទៀត»។
ទន្ទឹមនឹងនេះ Tierney បានប្រាប់ football.london នៅក្នុងបទសម្ភាសន៍មួយថា «វាមិនអាស្រ័យលើខ្ញុំទេ។ ខ្ញុំសប្បាយចិត្ត ខ្ញុំខំហ្វឹកហាត់ជារៀងរាល់ថ្ងៃ ខ្ញុំព្យាយាមធ្វើឱ្យបានល្អតាមដែលខ្ញុំអាចធ្វើបាន»៕