អតីតតារាបាល់ទាត់ Manchester United កីឡាករ Jesse Lingard បានជំរុញឱ្យមានការពិភាក្សាថាគាត់នឹងផ្លាស់ទៅចូលរួមជាមួយ Inter Miami ក្នុងពេលដែលគាត់ចែករំលែកពីអារម្មណ៍របស់គាត់ សម្រាប់ការហ្វឹកហាត់នៅប្រទេសអាមេរិក។
បច្ចុប្បន្ន Lingard គឺជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីបញ្ចប់ការងារជាមួយ Nottingham Forest នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ 30 ឆ្នាំរូបនេះកំពុងពិចារណាលើការផ្លាស់ប្តូរអាជីពបន្ទាប់របស់គាត់។
ថ្មីៗនេះគាត់បានបង្ហើបថាគាត់នឹងបើកចំហរក្នុងការទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែយើងឃើញនៅក្នុងវីដេអូ Instagram របស់គាត់នៅទីក្រុងម៉ៃអាមី ដែលអាចបញ្ជាក់ថាកីឡាកររូបនេះប្រហែលជាផ្ទេរទៅចូលរួមជាមួយ Lionel Messi និង Sergio Busquets ក្នុងពេលឆាប់ៗខាងមុខនេះ។
វាកើតឡើងចំពេលមានរបាយការណ៍នៅក្នុងប្រទេសអេស្បាញថា Sergio Ramos និងអតីតខ្សែការពារឆ្វេងរបស់ Barcelona កីឡាករ Jordi Alba ក៏ផ្លាស់ទៅចូលរួមជាមួយ Miami ដែរ។
ក្នុងពេលថ្មីនេះ Lingard បានប្រាប់ទៅកាន់ Sky Sports ថា៖ «ខ្ញុំកំពុងពិចារណាចំពោះជម្រើសដែលទាក់ទងមកខ្ញុំទាំងអស់។ ខ្ញុំមិនដែលបដិសេធក្រុម ឬក្លឹបណាមួយនោះទេ ដូច្នេះសម្រាប់ខ្ញុំ វាគ្រាន់តែជាការជ្រើសរើសក្រុមមួយ ដែលត្រឹមត្រូវសម្រាប់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់លេងបាល់ទាត់ មិនថាក្លឹបណាទេ ហើយនោះជាអ្វីដែលខ្ញុំចង់ធ្វើ»។
នៅពេលត្រូវបានគេសួរថាតើគាត់មានគោលដៅអ្វីនៅក្នុងការផ្លាស់ប្តូរបន្ទាប់របស់គាត់ ថាតើនោះជាគ្រូបង្វឹកល្អ ឬក្រុមល្អ Lingard បាននិយាយថា៖ «ជាក់ស្តែង គម្រោងត្រូវតែល្អសម្រាប់ខ្ញុំ អ្វីដែលខ្ញុំចង់បាន គឺក្រុមត្រូវតែដើរក្នុងទិសដៅតែមួយជាមួយគ្នា»៕