Josko Gvardiol មិនមែនជាកីឡាករដែលគិតថាអាចផ្ទេរមកបានយ៉ាងងាយស្រួលនោះទេ។ Chelsea ត្រូវបានគេរាយការណ៍ថា បានដាក់សំណើដេញថ្លៃចំនួន 90 លានអឺរ៉ូសម្រាប់ Gvardiol កាលពីរដូវក្តៅមុន ប៉ុន្តែខ្សែការពាររូបនេះបានបដិសេដ ដោយបានចុះហត្ថលេខាលើការបន្តកិច្ចសន្យាជាមួយ RB Leipzig។ ទោះជាយ៉ាងណាក៏ដោយ Gvardiol បានសម្រេចចិត្តថា ឆ្នាំនេះគាត់នឹងផ្លាស់មកកាន់ទឹកដី Premier League ។
បើយោងតាម 90min បានអោយដឹងថា កីឡាករបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Manchester City រួចហើយ ប៉ុន្តែ RB Leipzig កំពុងទាមទារតម្លៃបំបែកកំណត់ត្រាចំនួន 100 លានអឺរ៉ូសម្រាប់កីឡាករវ័យក្មេងរូបនេះ ។
កីឡាករសញ្ជាតិក្រូអាត បានក្លាយជាគោលដៅផ្ទេរសម្រាប់ខ្សែការពារកណ្តាលរបស់ Man City ចាប់តាំងពីដើមខែមេសា។ បន្ទាប់ពីការបង្ហាញខ្លួនរបស់គាត់ក្នុងការប្រកួត World Cup ដ៏គួរឱ្យចាប់អារម្មណ៍ ដែលធ្វើអោយតម្លៃរបស់គាត់ហក់ឡើងប្រហែល 87 លានអឺរ៉ូ។ ចាប់តាំងពីពេលនោះមក តម្លៃខ្លួនរបស់កីឡាកររូបនេះបានឡើងជិតដល់ 100 លានអឺរ៉ូ។
ទោះយ៉ាងណាក៏ដោយ Chelsea មិនបានបោះបង់ចោលទាំងស្រុងនូវក្តីសង្ឃឹមក្នុងការចង់បានកីឡាករវ័យ 21 ឆ្នាំនោះទេ ហើយ Real Madrid ក៏ចាប់អារម្មណ៍ផងដែរ ប៉ុន្តែ Gvardiol ហាក់មិនសូវពេញចិត្តក្នុងការចូលរួមជាមួយក្លឹបទាំងពីរនោះទេ។ Man City នៅតែមានទំនុកចិត្តថាពួកគេអាចបញ្ចប់កិច្ចព្រមព្រៀងមួយនៅរដូវក្តៅនេះ ដោយតម្លៃចុងក្រោយទំនងជាលើសពីតម្លៃកំណត់ត្រារបស់ Maguire ដែលទទួលបានពី Man United ចំនួន 87 លានអឺរ៉ូ។
ការចាកចេញរបស់ Laporte គឺជាហេតុផលមួយដែល Man City ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Gvardiol ដែលនឹងដើរតួជាអ្នកជំនួសដ៏ល្អឥតខ្ចោះ។ បន្ទាប់ពីការមកដល់របស់ Laporte ក្នុងតម្លៃកំណត់ត្រារបស់ក្លឹបចំនួន 57 លានផោនក្នុងឆ្នាំ 2018 លោក Guardiola បានពន្យល់ពីរបៀបដែលខ្សែការពារកណ្តាលជើងឆ្វេងត្រូវលេង។ Gvardiol ក៏ជាកីឡាករជើងឆ្វេងដែរ ហើយត្រូវបានគេចាត់ទុកថាជាគ្រាប់ពេជ្រមួយគ្រាប់ផងដែរ នៅពេលគាត់មកដល់ RB Leipzig ។
កីឡាករវ័យ ២១ឆ្នាំក៏ជាកីឡាកអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ចំពេលមានកំហឹងនៅក្នុងប្រកួតបាល់ទាត់។ គាត់បាននិយាយថា៖ «ខ្ញុំគិតថាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់ដែលខ្ញុំមាននៅលើទីលាន គឺជាអ្វីដែលខ្ញុំមានតាំងពីដើមមក វាកើតឡើងដោយធម្មជាតិ» ។
គ្រូបង្វឹករបស់ RB Leipzig លោក Marco Rose បាននិយាយថា៖ «គាត់មានភាពចាស់ទុំមិនគួរឱ្យជឿចំពោះវ័យរបស់គាត់ ទាំងនៅលើលាន និងនៅខាងក្រៅ»។
បើតាមលោក Zlatko Dalic អ្នកចាត់ការក្រុមជម្រើសជាតិក្រូអាត បានសរសើរកាលពីឆ្នាំមុនថា៖ «របៀបដែលគាត់លេង គាត់ប្រៀបដូចជាព្រះ វាពិតជាអស្ចារ្យណាស់ ។ Gvardiol គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុតនៅក្នុងពិភពលោក»៕