Manchester United ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងខ្សែការពារស្តាំ Jeremie Frimpong របស់ Bayer Leverkusen កាលពីប៉ុន្មានខែមុន ប៉ុន្តែ Diogo Dalot បានចុះកិច្ចសន្យាថ្មី នោះកីឡាករ Frimpong អាចនឹងមិនមែនជាជម្រើសសម្រាប់ក្រុមបិសាចក្រហមទៀតទេ។
កីឡាករ Dalot នៅពេលចាប់ផ្តើមរដូវកាលនេះ មានឈ្មោះជាជម្រើសដំបូងសម្រាប់ខ្សែការពារស្តាំ។ ប៉ុន្តែក្រោយមក Aaron Wan-Bissaka បានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុម ដែលធ្វើអោយកីឡាកររូបនេះក្លាយជាជម្រើសដំបូងវិញ។
Erik ten Hag ថ្មីៗនេះបានសរសើរ Wan-Bissaka សម្រាប់ទម្រង់លេងដ៏ល្អរបស់គាត់ក្នុងឆ្នាំ 2023 ហើយវាច្បាស់ណាស់ថាកីឡាករវ័យ 25 ឆ្នាំនឹងមិនចាកចេញពីក្លឹប ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះទេ។
បើយោងតាមលោក Fabrizio Romano បានអោយដឹងថា Dalot ជិតឈានដល់ការបន្តកិច្ចសន្យារយៈពេលវែងសម្រាប់ក្រុម ហើយវាជាហេតុដែលក្រុម គួរតែបញ្ចប់ការផ្ទេរដែលពាក់ព័ន្ធនឹងកីឡាករ Frimpong ។
Frimpong មានបង្ហាញភាពខ្លាំងពូកែរបស់ខ្លួននៅ Leverkusen ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់ និង Assists 11ដង។ កីឡាករសញ្ជាតិហូឡង់រូបនេះ គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមរបស់ Xabi Alonso ។
វាត្រូវបានគេរាយការណ៍ថា Bayer Leverkusen នឹងលក់កីឡាកររូបនេះក្នុងតម្លៃប្រមាណ 40-50 លានផោន ប៉ុន្តែ Man United នឹងមិនទិញកីឡាកររូបនេះទៀតទេ ខណៈពេលដែលទាំង Wan-Bissaka និង Dalot បានបន្តកិច្ចសន្យាថ្មី។
ដូច្នេះ Man United គួរតែប្រើប្រាស់ការចំណាយលើខ្សែប្រយុទ្ធ ខ្សែបម្រើ និងខ្សែការពារកណ្តាល ដែលបានទាក់ទងមានដូចជា Harry Kane, Mason Mount និង Kim Min-jae៕