អត្តពលិកពិការកម្ពុជា ២៣៦នាក់ ត្រៀមប្រជែងមេដាយ អាស៊ានប៉ារ៉ាហ្គេម

0

ភ្នំពេញ៖ កីឡាករ កីឡាការិនីពិការកម្ពុជាសរុបចំនួន ២៣៦នាក់ បានចុះឈ្មោះរួចរាល់ ដែលទទួល​ស្គាល់​ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោម​ប្រភេទកីឡា​ចំនួន​១៤ បូករួមទាំងកីឡា E-Sport ក្នុងនាមជាម្ចាស់ផ្ទះ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល​គ្រោងធ្វើឡើងពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គ​លេខាធិការរង CAMSOC-CAMAPGOC មានប្រសាសន៍ថា មកដល់ពេលនេះ អត្តពលិកពិការ​កម្ពុជា មានចំនួន ២៣៦នាក់ ដែលត្រៀមចូលរួមប្រកួតប្រជែងជាមួយ​អត្តពលិកមកពី១០​ប្រទេស​​ផ្សេងទៀត ក្នុងអាស៊ីអាគ្នេយ៍ លើ១៤ប្រភេទកីឡា។ ក្នុងនោះកម្ពុជាមានកីឡាករ ១៦០​នាក់ និងកីឡាការិនី ៧៦នាក់ និងមន្ត្រីបច្ចេកទេស ៦៤នាក់។ ឯកឧត្ដមបន្ដថា នេះជា​កត្តាមួយដ៏ចាំបាច់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជាបាន ត្រៀមខ្លួនឱ្យបានល្អ ខណៈទី​លានត្រូវបានរៀបចំរួចរាល់ស្របតាមស្តង់ដារ ដោយចំណាយទឹកប្រាក់សរុបប្រមាណ​១លាន​ដុល្លារអាម៉េរិក។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាមាន១៤ប្រភេទ​កីឡា​រួមមាន៖ អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់​បោះ​ពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយ​បុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាអេឡិចត្រូនិក (ការប្រកួតសម្តែង)៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា