វិបត្តិ​មនុស្សធម៌​កាន់តែ​អាក្រក់​នៅ​រដ្ឋធានី​ស៊ូដង់ ខណៈ​ការ​ប៉ះទង្គិចគ្នា​ឈាន​ចូល​ដល់​ខែ​ទី​២

0

បរទេស៖ វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីខាទូមរបស់ប្រទេសស៊ូដង់កាន់តែអាក្រក់ទៅៗ នៅពេលដែលការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានឈានចូលដល់ខែទីពីរ។

ប្រជាពលរដ្ឋនៅតំបន់ជម្លោះកំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងខ្លាំងនូវសេវាមូលដ្ឋាន អាហារ អគ្គិសនី និងការផ្គត់ផ្គង់ទឹក ខណៈដែលស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយសារការទម្លាក់គ្រាប់បែកតាមអាកាស និងការលួចយកទីផ្សារក្នុងស្រុកសំខាន់ៗ។

លោក ម៉ូហាមេដ នូរេដឌីន ហាស៊ីម (Mohamed Noureddine Hashim) សេដ្ឋវិទូជនជាតិស៊ូដង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា រោងចក្រទំនិញម្ហូបអាហារ និងក្រុមហ៊ុននាំចូលសំខាន់ៗរបស់ប្រទេស គឺស្ថិតនៅក្នុងទីក្រុងខាទូម ប៉ុន្តែភាគច្រើននៃរោងចក្រទាំងនោះឥឡូវនេះត្រូវបានបំផ្លិចបំផ្លាញ ហើយបានបិទ។

លោក​បាន​ព្រមាន​ថា ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ទំនង​ជា​នឹង​កើន​ឡើង ខណៈ​ដែលបច្ចុប្បន្ន​បុគ្គលិក​រាប់​លាន​នាក់​មិន​អាច​ធ្វើ​ការងារ​បាន​ដោយ​សារ​តែ​សង្គ្រាម។

ប្រជាពលរដ្ឋនៅទីក្រុងខាទូម កំពុងទទួលរងការដាច់ចរន្តអគ្គិសនីញឹកញាប់ជាច្រើនម៉ោង ដោយសារការផ្អាកការទិញអគ្គិសនី។ នេះបើយោងតាមសាជីវកម្មអគ្គិសនីជាតិ។

លោក តារីគ ហាណាហ្វី (Tariq Hanafi) អ្នកស្រុកនៃតំបន់អាល់សាប៊ីយ៉ា បានប្រាប់ទីភ្នាក់ងារស៊ីនហួថា មិនមានអគ្គិសនីនៅក្នុងតំបន់អាល់សាប៊ីយ៉ាភាគខាងជើង (តំបន់ភាគខាងជើងនៃទីក្រុងខាទូម) ទេ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍អំពីការប៉ះទង្គិចគ្នាដោយផ្ទាល់កាលពីថ្ងៃអង្គាររវាងអង្គភាពនៃកងទ័ពស៊ូដង់ និងក្រុមអ្នកប្រយុទ្ធ RSF នៅក្នុងតំបន់ចាប្រានៅភាគខាងត្បូងនៃទីក្រុងខាទូម ក៏ដូចជាទីក្រុងអារកាវីត ទីក្រុងអាល់ម៉ាមូរ៉ា និងទីក្រុងអេលចេរ៉ាហ្វ នៅភាគខាងកើតនៃរដ្ឋធានីនោះ។

សហភាពវេជ្ជបណ្ឌិតស៊ូដង់បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចំនួនអ្នកស្លាប់របស់ជនស៊ីវិលបានកើនឡើងដល់ ៨២២នាក់ ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសាមក៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា