ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះស្វាហាប់ ឆ្ពោះទៅរកការស្តារឡើងវិញពេញលេញ និងអាចកើនដល់ ៦ភាគរយ សម្រាប់រយៈពេលមធ្យម ដោយសារមានការជំរុញពីផ្នែកនាំចេញ កំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ នេះបើយោងទៅតាមរបាយការណ៍បច្ចុប្បន្នភាពអំពី សេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក។
របាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលចេញ ផ្សាយកាលពីថ្ងៃទី១៨ ខែឧសភាព បានលើកឡើងថា សម្រាប់រយៈពេលមធ្យមសេដ្ឋកិច្ច កម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦ភាគរយ ដោយសារមានការទ្រទ្រង់ពីសំណាក់ សន្ទុះស្វាហាប់នៃការនាំចេញទំនិញ សេវាកម្ម និងការកើនឡើងនៃការវិនិយោគ ជាពិសេស ក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រនិង ផ្លូវជាដើម។
របាយការណ៍នេះបានបន្ថែមទៀតថា កម្ពុជាអាចជំរុញកំណើននេះបានតាមរយៈការ វិនិយោគលើការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាន នូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើ ពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់ របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ដើម្បី រក្សាឱ្យបាននូវដំណើររងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ ឱ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការ ពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ ឱ្យកាន់តែរលូនថែមទៀត”។
ធនាគារពិភពលោកក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុង ឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥,៥ភាគរយ។ ប៉ុន្តែទោះជាយ៉ាងណា ការអូសបន្លាយ នៃការធ្លាក់ចុះនៃតម្រូវការនៅបរទេសនឹងអាចធ្វើឱ្យផ្នែកផលិតកម្ម សម្រាប់នាំចេញចុះ ខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលោក អាចបង្កហានិភ័យមួយដល់ ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ។
សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុន ពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំង ស្រប ពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ផងដែរថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះបានមកក៏ដោយសារ ថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការ រក្សាបាននូវលំនឹង នៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោក ផងដែរ។ វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់ត ច្រើនបន្ទាប់ ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
យោងទៅតាមរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ កន្លងទៅ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមានសភាព រឹងមាំដោយសម្រេចបានកំណើនក្នុងកម្រិត ៥,២ភាគរយ៕
ប្រភព៖ ក្រសួងព័ត៌មាន