Arsenal និង Manchester City ត្រូវបានគេរាយការណ៍ថា បានពិភាក្សាលើកិច្ចព្រមព្រៀង ដោះដូរដែលអាចទាក់ទងនឹងខ្សែការពារ Kieran Tierney និង Joao Cancelo។
យោងតាមរបាយការណ៍របស់ FootballTransfers បានអោយដឹងថាក្លឹប Arsenal ចង់ចុះហត្ថលេខាលើខ្សែការពារសញ្ជាតិព័រទុយហ្គាល់ពីក្លឹប Man City ខណៈដែលក្រុមរបស់លោក Pep Guardiola ចាប់អារម្មណ៍លើខ្សែការពារឆ្វេងសញ្ជាតិស្កុតឡេន។ ភាគីទាំងសងខាងមានអារម្មណ៍ថា ពួកគេអាចទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដោះដូរ ប៉ុន្តែក្រុមកាំភ្លើងធំប្រហែលជាត្រូវលះបង់សាច់ប្រាក់មួយចំនួន ដើម្បីទទួលបានកីឡាករ Cancelo។
ព័ត៌មានបានបែកធ្លាយកាលពីថ្ងៃពុធ ពីការចាប់អារម្មណ៍របស់ Arsenal លើ Cancelo។ កីឡាករសញ្ជាតិព័រទុយហ្គាល់ បច្ចុប្បន្នកំពុងខ្ចីជើងនៅ Bayern Munich ហើយក្លឹបនៅអាល្លឺម៉ងមួយនេះស្ទាក់ស្ទើរសម្រាប់តម្លៃផ្ដាច់កុងត្រា ៧០ លានអឺរ៉ូ។
ចំណែកលោក Pep Guardiola ចង់បានខ្សែការពារឆ្វេងនៅរដូវក្តៅនេះ ហើយក្រុមរបស់គាត់បានបង្ហាញចំណាប់អារម្មណ៍លើ Tierney។ កីឡាករសញ្ជាតិស្កុតឡេនវ័យ 25 ឆ្នាំរូបនេះក៏កំពុងសម្លឹងមើលការចាកចេញពី Emirates ខណៈដែល Oleksandr Zinchenko បានចូលកាន់តំណែងជាជម្រើសដំបូងសម្រាប់ Mikel Arteta៕