ភ្នំពេញ៖ កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ អស្ចារ្យមិនចាញ់កម្មវិធីបើកផ្លូវការនោះឡើយ ដោយមានត្រៀមសម្តែងទស្សនីយភាពថ្មីៗមួយចំនួន ខុសប្លែកពីព្រឹត្តិការណ៍បើក ដើម្បីទុកជាការចងចាំនៅដល់ប្រជាជនកម្ពុជានិងពិភពលោក ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ នឹងមានការរៀបចំដូចពិធីបើកផ្លូវការ ប៉ុន្តែមានការរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិត ស្រស់ស្អាត ស្តង់ដារ និងអស្ចារ្យ ដើម្បីឱ្យទស្សនិកជនដែលបានចូលរួម មានភាពសប្បាយរីករាយ ប្លែកភ្នែក និងចងចាំនូវព្រឹត្តិការណ៍នេះ ។
ឯកឧត្តមបន្តថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ CAMSOC នៅតែចាត់ទុកការងារសន្តិសុខសណ្តាប់ធ្នាប់ជាអាទិភាពទី១ ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍មួយនេះ ។
« ពិធីបិទយើងធ្វើនៅកម្រិតមួយសមរម្យប៉ុន្តែក៏មានភាពដោយឡែកនិងភាពអស្ចារ្យមួយផ្នែកទៀត ហើយការរៀបចំកម្មវិធីបិទនេះគឺសម្តែងនូវទស្សនីយភាពប្លែកៗនិងសំខាន់ៗ រួមមានទាំងសិល្បករ សិល្បៈការិនី កងទ័ពជិត ២០០០នាក់នៅក្នុងការរៀបចំទស្សនីយភាពបិទពិធីនេះ ហើយការរៀបចំបិទនេះយើងនឹងធ្វើឲ្យទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយដែលមានភាពអាឡោះអាល័យ ឬក៏ជោគជ័យភាពសប្បាយរីករាយដើម្បីជាមោទនភាពរួមគ្នានៅក្នុងការរៀបចំស៊ីហ្គេមនេះ » ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានប្រារព្វពិធីបើកជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានបំពាក់នូវភ្លើងLEDចម្រុះពណ៌ ការសម្តែងទស្សនីយភាព និងបាញ់កាំជ្រួច ។ ចំពោះពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ នឹងត្រូវរៀបចំកម្មវិធីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕
ប្រភព៖ ក្រសួងព័ត៌មាន