ភ្នំពេញ៖ ប្រតិភូខេត្តហ៊ូណាន ដែលដឹកនាំដោយប្រធានមន្ទីរកីឡាខេត្ត លោក Yang Zhonghua បានអញ្ជើញមកធ្វើទស្សនកិច្ច ពិនិត្យមើលការៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងបានស្នើសុំចុះអនុស្សរណៈយោគយល់ (MOU) ខ្លីមួយ ថានឹងបន្តកិច្ចសហការក្នុងការទុកឱ្យកីឡាករ កីឡាការិនីកម្ពុជាហ្វឹកហាត់នៅប្រទេសចិនបន្តទៀត ជាមួយគណៈកម្មការជាតិអូឡាំពិក ដែលពិធី ចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ នាពេលថ្មីៗនេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា «យើងនៅសល់កិច្ចព្រមព្រៀងដែលជាជំនួយឥតសំណងក្នុងការទទួលយកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេមចប់ ក៏នៅតែបន្ត ឱ្យបានពីរ ឬបីខែទៀត។ នេះជាការល្អមួយដែលយើងអាចបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់បន្តនៅទីនោះ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមហើយ ដើម្បីត្រៀមចូលរួមប្រកួតអេស៊ានហ្គេម នៅប្រទេសចិន។ នេះជាការចុះបន្តនូវ MOU ម្ដងទៀត រវាងគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងមន្ទីរកីឡាខេត្តហ៊ូណាន។»
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់បន្ថែមទៀតថា ជាកិច្ចសហប្រតិបត្តិការមួយដើម្បីត្រៀមបណ្តុះបណ្តាលផ្នែកបច្ចេកទេស ហើយក៏មានការរៀបចំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទៅលើការប្រម៉ូតគ្នាទៅវិញទៅមក ជួយផ្សព្វផ្សាយគ្នាទៅវិញទៅមក នៅក្នុងកម្មវិធីនៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដែលហៅថា កីឡារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិផ្សេងៗនៅកម្ពុជា និងនៅខេត្តហ៊ូណាន ដោយទាក់ទាញអ្នកចូលរួមរត់ពីកម្ពុជាទៅខេត្តហ៊ូណាន និងពីខេត្តហ៊ូណាន មកកម្ពុជា។ នេះជាអ្វីដែលយើងខិតខំប្រឹងប្រែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ។ សំឡេង «បានមកដល់ទីនេះ គឺជាកន្លែងនិម្មិតរូបនៃចំណងមិត្តភាព នៃស្តាមរតកតេជោ នេះហើយ ដែលឯកឧត្តមរដ្ឋមន្ត្រី (ថោង ខុន) គ្រប់វេទិកាទាំងអស់តែងតែរម្លឹក និងដឹងគុណជានិច្ច ចំពោះសាធាណរដ្ឋប្រជាមានិតចិន ចំពោះប្រធានាធិបតីស៊ី ជីនភីង មានស្តាននេះហើយ ទើបយើងអាចរៀបចំស៊ីហ្គេមបាន»។
សូមបញ្ជាក់ថា ខេត្តហ៊ូណានជាខេត្តដែលទទួលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម ក្រោមមូលនិធិជួយការហ្វឹកហាត់ ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន៕
ប្រភព៖ ក្រសួងព័ត៌មាន