មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦A ដោយមានការ ចូលរួមពីសំណាក់លោកអភិបាល រងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យហ៊ុនសែនកែវសីមា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ការសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិនាពេលនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មានលក្ខណៈងាយស្រួល ម្យ៉ាង ទៀត ការប្រើប្រាស់ផ្លូវបានយូរ អង្វែង វាមិនមែនជាបន្ទុករបស់មន្ត្រីជំនាញណាម្នាក់ទាំងស្រុងឡើយ ពោលគឺជាការចូលរួមទាំងអស់គ្នា ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ត្រូវចេះស្រឡាញ់ការពារ ថែរក្សាផ្លូវថ្នល់របស់យើងឱ្យបានល្អ។
មិនត្រូវ លើកដីភូមិខ្ពស់ជាងផ្លូវ កុំចោលកាកសំណល់ក្នុងប្រព័ន្ធលូ មិនត្រូវបង្ហូរទឹកកខ្វក់លើផ្លូវក្រាលកៅស៊ូ ហើយដាច់ខាតកុំដឹកទំនិញលើសទម្ងន់កំណត់។ ឯកឧត្តម ថង សាវុន បន្តថា ការចូលរួមពីបងប្អូនប្រជា ពលរដ្ឋ គឺជារឿងចាំបាច់បំផុតដោយមិនអាចខ្វះបាន ហើយក៏សូមបងប្អូនប្រជាពលរដ្ឋ កុំមានការសាងសង់សំណង់នានាលើចិញ្ចើមផ្លូវ ឬលើដីចំណីផ្លូវ ដោយប្តូរពីការសង់សំណង់ទាំងនោះ ទៅជាការដាំដើមឈើលម្អតាមចំណីផ្លូវ ដើម្បីឱ្យមានសោភ័ណភាពល្អ។
ឯកឧត្តម បញ្ជាក់ថា ការសង់សំណង់រំលោភដីចំណីផ្លូវ នៅពេលដែលរដ្ឋ មានតម្រូវការពង្រីក ឬអភិវឌ្ឍន៍នៅថ្ងៃក្រោយ បងប្អូនខាតបង់ទាំងពេលវេលា និងទ្រព្យសម្បត្តិ ដូច្នេះហើយ មុននឹងសង់សំណង់អ្វីមួយ ត្រូវទាក់ទងជាមួយមន្ទីរជំនាញ អាជ្ញាធរដែនដី ដើម្បីសុំការណែនាំជាមុន។ ជាមួយគ្នានេះដែរ ឯកឧត្តម ថង សាវុន បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានខិតខំបំពេញកិច្ចការងារថែទាំ និងស្ថាបនា ផ្លូវ បានល្អស្អាត ដែលនេះជាចំណុចមួយ អាចទាក់ទាញ អ្នកទេសចរចាប់អារម្មណ៍អញ្ជើញទៅលេងកម្សាន្តក្នុងខេត្តមណ្ឌល គិរី។ លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ការងារស្ថាបនាកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងស្រុកកែវសីមានេះ គឺជាគម្រោងផែនការរបស់ថ្នាក់ជាតិ ដោយប្រើប្រាស់ថវិការបស់រដ្ឋ ដោយចាក់ក្រាលកៅស៊ូ ប្រវែង ៤,៥០០ម ទទឹង១០ម (DBST៧ម ចិញ្ចើម SBST ១,៥ម សងខាងនៅចន្លោះពី គ.ម៦២+៥០០ ដល់ គ.ម៦៧+០០០ ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី (កំពុងអនុវត្តការងារភ្ជួរកាយបកស្រទាប់ខូចគុណភាព និងកៀរកិនបង្ហាប់បាតផ្លូវ)។
លោក បន្ថែមថា ក្រៅពីការងារស្ថាបនាឡើងវិញផ្លូវជាតិលេខ៧៦A នៅស្រុកកែវសីមា ក្នុងឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងស្ថាបនាស្ពានបេតុងសរសៃដែក ចំនួន ០១ កន្លែង ប្រវែង ៤៥ម ទទឹង ១០ម នៅលើផ្លូវខេត្តលេខ ៣៧៦៦ ត្រង់គ.ម៣៤+៤០០ ស្ថិតក្នុងស្រុកកោះញែក កំពុងអនុវត្តការងាររុះរើកម្រាលស្ពានដែកបេឡេចាស់ និងកាយសម្រួលទីតាំងសាងសង់ស្ពានថ្មី ដែលអាចរួចរាល់ក្នុងពេលឆាប់ៗ៕
ប្រភព៖ ក្រសួងព័ត៌មាន