សៀមរាប៖ ការប្រកួតលើវិញ្ញាសាកង់គួកបុរស-នារី នៅខាងមុខអង្គរវត្ដ ក្នុងចម្ងាយ ៥៥គីឡូម៉ែត្រ សម្រាប់បុរស និងនារីមានចម្ងាយផ្លូវជាង ៣៦គីឡូម៉ែត្រ ដោយកីឡាករឥណ្ឌូណេស៊ី ទទួលបានមេដាយមាស និងផ្នែកនារី កីឡាការិនីថៃ ទទួលបានមេដាយមាស។
សម្រាប់ការប្រកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាសាកង់គួកបុរស ដែលមានចម្ងាយផ្លូវ ៥៥គីឡូម៉ែត្រ និងកង់គួកនារី ដែលមានចម្ងាយផ្លូវជាង ៣៦គីឡូម៉ែត្រ ស្ថិតនៅខាងមុខអង្គរវត្ដ ក្នុងខេត្ដសៀមរាប នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។ ការប្រកួតនេះ មានកីឡាករផ្នែកបុរសចំនួន២៤នាក់ និងកីឡាការីនីចំនួន ២០នាក់ មកពីប្រទេសចំនួន៨ ដែលបានចូលរួម ក្នុងនោះ រួមមាន កម្ពុជា, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន សិង្ហបុរី, ថៃ, វៀតណាម និងឡាវ ។
ក្រោយពីការប្រកួតដ៏ស្វិតស្វាញនៅលើកំណាត់ផ្លូវកោងវិលជុំ ជាលទ្ធផលការប្រកួតកង់គួកផ្នែកបុរស មេដាយមាសបានទៅលើកីឡាករឥណ្ឌូណេស៊ី មេដាយប្រាក់បានទៅលើកីឡាករម៉ាឡេស៊ី និងមេដាយសំរិទ្ធិបានទៅលើកីឡាករហ្វីលីពីន។ ដោយឡែក សម្រាប់វិញ្ញាសាកង់គួកនារី ដែលមានចំម្ងាយផ្លូវជាង៣៦គីឡូម៉ែត្រ ស្មើនឹង២០ជុំ មេដាយមាសបានទៅលើកីឡាការិនីថៃ មេដាយប្រាក់បានទៅលើកីឡាការិនីវៀតណាម និងមេដាសំរឹទ្ធបានទៅលើកីឡាការិនីម៉ាឡេស៊ី។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាកង់គួកនេះ ធ្វើឡើងមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលមានចំម្ងាយ ៥៥គីឡូម៉ែត្រ ស្មើនឹង ៣០ជុំ ផ្នែកបុរស។ ចំពោះផ្នែកនារីចម្ងាយផ្លូវជាង ៣៦គីឡូម៉ែត្រ ស្មើនឹង២០ជុំ ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ។ ដោយឡែកនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតកង់គួកចម្ងាយផ្លូវជាង ១៥៥គីឡូម៉ែត្រ ស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ(វង់ធំ)៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា