ម្ចាស់មេដាយមាសគុនខ្មែរ បង្ហាញពីមោទនភាពជាតិ ក្រោយសម្រេចក្តីបំណងធំជូនជាតិ

0

ភ្នំពេញ៖ កីឡាករកម្ពុជាដែលឈ្នះមេដាយមាសលើប្រភេទកីឡាគុនខ្មែរនៃស៊ីហ្គេម លើកទី៣២ ដែលឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅ សាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ សុទ្ធតែបានបង្ហាញនូវក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីធ្វើបានយ៉ាងល្អសម្រេចក្តីបំណងធំជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។

កីឡាករ ហ៊ីម គឹមរៀង មេដាយមាស លើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម បាននិយាយថា នេះជាភាពរីករាយជាខ្លាំង ដែលគឹមរៀងបានដណ្តើមមេដាយមាស១គ្រឿងជូនជាតិ។ នេះជាការចូលរួមប្រកួត ក្នុងស៊ីហ្គេម ជាលើកទី២របស់កីឡាកររូបនេះ ដោយកាលពីលើកទី១ ដណ្តើមបានមេដាយសំរឹទ្ធ កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

«ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ខ្ញុំរំភើបខ្លាំងរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន ដោយជ័យ ជម្នះនេះទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ និងពុកម៉ែបងប្អូនអ្នកគាំទ្រទាំងអស់គ្នា។ នៅមិនទាន់ប្រកួត ខ្ញុំភ័យអរៗ ប៉ុន្តែដល់ពេលលើសង្វៀនប្រកួត ខ្ញុំបាត់អស់ភាពភ័យខ្លាច ដោយខ្ញុំចងចំាំការផ្តាំផ្ញើរបស់ឪពុកខ្ញុំថា កូនត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាព កុំខ្លាចគេ ត្រូវតែវ៉ៃ ដើម្បីជ័យជម្នះជូនជាតិ។ ពេលនេះខ្ញុំសម្រេចក្តីបំណងធំជូនជាតិហើយ»។

ម្ចាស់មេដាយមាសលើវិញ្ញាសា ទម្ងន់ ៦៧គីឡូក្រាម កីឡាករ ឡៅ ចិត្រា បញ្ជាក់ថា «សម្រាប់ខ្ញុំ គឺធំធេងមែនទែន ដែលឈ្នះមេដាយមាសជូនជាតិ និងតំណាងឱ្យ ប្រជាជនខ្មែរ ទាំងអស់គ្នា នាពេលនេះ។ ខ្ញុំសូមអរគុណបងប្អូនអ្នកគាំទ្រទាំងអស់គ្នា ដែលតែងតែផ្តល់ការ គាំទ្រដល់ខ្ញុំកន្លងមក ក៏ដូចជាពេលនេះ»។

ឯកឧត្តម ហេង សុឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរគូសបញ្ជាក់ថា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ក៏ផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់ការ ហ្វឹកហាត់ត្រៀម ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយម្ចាស់ផ្ទះកម្ពុជាបានត្រៀម រៀបចំបានល្អប្រសើរ ហើយទទួលបានកោតសរសើរពីបណ្តាប្រទេសចូលរួម ក្នុងការទទួលបដិសណ្ឋារកិច្ច ការហូបចុក ស្នាក់នៅ និងការដឹកជញ្ជូនដោយឥតគិតថ្លៃ។

ឯកឧត្តម ហេង សុឃន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឱ្យប្រតិភូកីឡា អត្តពលិក ទាំងអស់ទទួលបានភាពកក់ក្តៅ និងកំពុងខិតខំប្រឹងប្រែងអស់ពី លទ្ធភាពទាំងការរៀបចំ និងការប្រឹងប្រែងដណ្តើមមេដាយជូនជាតិ។

«កីឡាករ កីឡាការិនីកម្ពុជា លើប្រភេទកីឡាប្រដាល់គុនខ្មែរ ក៏កំពុងខិតខំដណ្តើម មេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ដោយពេលនេះ កម្ពុជាដណ្តើមបានមេដាយសរុប១០គ្រឿង ក្នុងនោះមេដាយមាស៧គ្រឿង ប្រាក់១ និងសំរឹទ្ធ២គ្រឿង។ ចំពោះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាការប្រកួតផ្តាច់ព្រ័ត្រលើ៩វិញ្ញាសាចុងក្រោយ ដោយកីឡាករកម្ពុជាក៏បានឡើងមកប្រកួតនៅវគ្គផ្តាច់ ព្រ័ត្រដណ្តើមេដាយមាសផងដែរ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្ត ហេង សុឃន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា