បាត់ដំបង៖ នៅថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង០០នាទី ត្រង់ផ្លូវជាតិ57B ចន្លោះបង្គោលគីឡម៉ែត្រលេខ២៥-២៦ ចំណុចផ្លូវបំបែកស្ថិតក្នុងក្រុមទី២ ភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដនិងម៉ូតូ បណ្តាលអោយមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ។
លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ ១គ្រឿង ម៉ាកCBR ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរពីលិចទៅកើតបញ្ចា់សទិសគ្នាអ្នកបើកបរឈ្មោះ បឿន វិរះ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់នៅនិងកន្លែងកើតហេតុ) និងរថយន្ដម៉ាកលុចសុីស RX330 ពណ៏ផ្សែងបារី ពាក់ផ្លាកលេខ 2AK-6379 ភ្នំពេញ បើកបរពីកើតទៅលិច អ្នកបើកបររថយន្ដរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានបញ្ជាក់ថា មូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺ អ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្នបានបុកនិងរថយន្តពេញទំហឹងតែម្ដង។ បច្ចុប្បន្ន នគរបាលស្រុកបវេលបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យជំនាញខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ