គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហាមឃាត់ដាច់ខាតថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្ដែងសាកល្បង ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម

0

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានហាមឃាត់ដាច់ខាត ការថតរូប និងចែកចាយរូបភាពក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ។

យោងតាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ថា “ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងកម្មសិទ្ធិបញ្ញារបស់ពិធីបើក-បិទ សូមហាមឃាត់ដាច់ខាតការថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ “។

ប្រភពដដែលបន្ដថា ទន្ទឹមនឹងនេះ ក្រៅពីអ្នកហ្វឹកហាត់សម្ដែង និងក្រុមជំនួយការហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាតឱ្យចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានជំនឿយ៉ាងមុតមាំចំពោះការយោគយល់ និងអធ្យាស្រ័យពីសំណាក់សាធារណជនទាំងអស់។

សូមរម្លឹកថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន