បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានចាប់ផ្តើមបេក្ខភាពរបស់លោកជាផ្លូវការដើម្បីស្វែងរកតំណែងក្នុងអាណត្តិទីពីរនៅសេតវិមានក្នុងឆ្នាំ២០២៤។ នេះបើយោងតាមវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
លោកបានថ្លែងថា «ប្រជាជនអាមេរិកគ្រប់ជំនាន់បានប្រឈមមុខនឹងពេលមួយដែលពួកគេត្រូវការពារលទ្ធិប្រជាធិបតេយ្យ»។ លោក បៃដិន បាននិយាយបន្ថែមថា «នោះហើយជាមូលហេតុដែលខ្ញុំឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ»។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក៏បានប្រកាសពីគម្រោងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញដែរ។ លោកស្រីបានសរសេរនៅលើបណ្តាញសង្គមធ្វីតធើរថា «ក្នុងនាមជាជនជាតិអាមេរិក យើងជឿជាក់ទៅលើសេរីភាព ហើយយើងជឿថា លទ្ធិប្រជាធិបតេយ្យរបស់យើងនឹងរឹងមាំដូចឆន្ទៈរបស់យើងក្នុងការតស៊ូដើម្បីវា។ នោះហើយជាមូលហេតុដែលលោក ចូ បៃដិន និងខ្ញុំកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ»។
សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕
ប្រភព៖ ក្រសួងព័ត៌មាន