ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៩:២៦នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានទទួលព័ត៌មានតាមរយៈលេខទូរស័ព្ទពីប្រជាពលរដ្ឋថា មានករណី ( ប៉ុនប៉ងមនុស្សឃាត )។ ក្រោយពីទទួលព័ត៌មានរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន ០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុង សេរីវុធ ឋានៈ នាយរងប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះទៅពិនិត្យសួរនាំដល់ផ្ទះកើតហេតុនឹងបានឃើញសកម្មភាពរបស់ជនសង្ស័យឈ្មោះ ឃ វ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយផ្ទះនៅក្បែរគ្នាមានចម្ងាយពីផ្ទះកើតហេតុប្រហែល ៨៥ម៉ែត្រ កំពុងធ្វើសកម្មភាពដោយដៃកាន់ដាវច្នៃនិងកាំបិតចុងស្រួចចំនួនមួយដើមកំពុងស្រែកគំរាមសម្លាប់ទៅលើឈ្មោះ អ សរ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ពេលនោះសមត្ថកិច្ចយើងបានចុះទៅដល់បានឃើញសកម្មភាពជនសង្ស័យវាយទៅលើឈ្មោះ អ សរ ចំនួនមួយដៃត្រូវគំត្រចៀកខាងឆ្វេងនិងបានកាប់ម៉ូតូម៉ាកវេវ ពណ៌ខ្មៅមួយកាំបិតដាច់កាត់ត្រប៊ូក្រោយ ( ចំពោះជនសង្ស័យនេះធ្លាប់បានគំរាមម្តងជាពីរដងមកលើជនរងគ្រោះកន្លងមកហើយតែជនរងគ្រោះមិនបានផ្ដល់ព័ត៌មាន ឬក៏ប្ដឹងមកខាងសមត្ថកិច្ចនោះទេ ) រួចសមត្ថកិច្ចយើងបានចាប់ដកហូតវត្ថុតាងចំនួន០២ដើម ក្នុងនោះដាវកែច្នៃចំនួនមួយដើមនិងកាំបិតចុងស្រួចចំនួនមួយដើម ចំណែកជនសង្ស័យបានរើបម្រាស់រត់គេចខ្លួនរួច។
លុះព្រឹកឡើងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៦:៤១ នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពជាលើកទីពីរជិះម៉ូតូកាន់កាំបិតតាំងតោស្រែកគំរាមតាមផ្លូវ។ សមត្ថកិច្ចប៉ុស្តិ៍តាលោចំនួន ០៣នាក់ កម្លាំងជំនាញអធិការចំនួន ០៥នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ០២ នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ុល ហៃ ឋានៈ អធិការ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យស្រាវជ្រាវជុំវិញកន្លែងកើតហេតុឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងធ្វើការដកហូតវត្ថុតាងមួយទៀតគឺកាំបិតតាំងតោចំនួនមួយដើម។ ចំពោះជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចយើងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ។ ចំពោះករណីខាងលើនេះភាគីជនរងគ្រោះបានដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចយើងអនុវត្តតាមនីតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់