ភ្នំពេញ៖ ពីរប្រភេទកីឡាកម្ពុជា គឺក្រុមជម្រើសជាតិបាល់ទាត់នារី និងក្រុមជម្រើសជាតិអត្តពលកម្មបានវិលត្រឡប់ មកពីបោះជំរំហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាល ពីយប់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយ នឹងក្តីសង្ឃឹមថានឹងអាចឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬកម្រិតមេដាយ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា។
កីឡាការិនី ញ៉ ស្រីណែត បានបង្ហាញចំណាប់អារម្មរបស់ខ្លួនថា នៅក្នុងការបោះជំរំហ្វឹកហាត់រយៈ ពេល៧ខែ នៅប្រទេសចិន គឺមានការខុសប្លែកពីការហ្វឹកហាត់នៅកម្ពុជា ដោយសារនៅកម្ពុជាការប្រមូលផ្តុំ ហ្វឹកហាត់មានរយៈពេលខ្លីៗ ចន្លោះត្រឹម២សប្តាហ៍ ទៅ៣សប្តាហ៍ប៉ុណ្ណោះ។ កីឡាការិនីរូបនេះបន្ដថា ការហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិននេះ គឺក្រុមកម្ពុជាជួបអ្វីៗដែលថ្មីៗច្រើនទាំងរបៀបរបបនៃការហ្វឹកហាត់របស់គ្រូបង្វឹកចិន បច្ចេកទេស តាក់ទិចនៃការលេង ការហ្វឹកហាត់កាយសម្បទា ការហ្វឹកហាត់អំណត់ ដោយត្រូវលត់ដំខ្លាំងណាស់។
កីឡាការិនីខ្សែការពារកណ្តាលវ័យ២១ឆ្នាំរូបនេះសង្កត់ធ្ងន់ថា៖ «ការហ្វឹកហាត់នៅចិន យើងបានជួបរសជាតិថ្មីច្រើន ជាពិសេទោះក្នុងអាធាតុត្រជាក់ខ្លាំងណាស់ ក៏ក្រុមជម្រើសជាតិកម្ពុជា នៅតែពុះពារការហ្វឹកហាត់យ៉ាងខ្លាំងផងដែ។ នាងខ្ញុំពិតជាកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាយើងទាំងអស់គ្នាណាស់ ខិតខំហ្វឹកហាត់ខ្លាំងក្លាណាស់ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ យើងទាំងអស់គ្នាមិនដែលរុញរា ពោលគឺតស៊ូការលំបាកទាំងឡាយដើម្បីបង្កើនគុណភាពបច្ចេកទេស ដើម្បីគោលដៅចម្បងនៃស៊ីហ្គេម ២០២៣»។
កីឡាការិនី ញ៉ ស្រីណែត បានបន្ថែមថា សម្រាប់ការត្រៀមប្រកួតស៊ីហ្គេម ២០២៣ ប៉ុន្មានថ្ងៃខាងមុខឆាប់នេះ ក្រុមបាល់ទាត់នារីកម្ពុជាមានក្តីសង្ឃឹមច្រើន ដោយសារតែស្មារតី ឆន្ទៈដ៏មោះមុតរបស់ពួកគេទាំងអស់គ្នា រួមទាំងការហ្វឹកហាត់សមរួមគ្នាក្នុងរយៈពេលវែង៧ខែមកនេះ។ «ក្នុងរយៈពេលនេះ យើងបានកែប្រែចំណុចខ្សោយ ហើយបានបំពេញបន្ថែមនូវកំហុសនានា ដែលមានកន្លងមក។ ក្នុងការហ្វឹកហាត់នេះ ក៏ក្រុមនារីកម្ពុជាបានប្រកួតមិត្តភាពជាច្រើនប្រកួតជាមួយក្រុមនារីចិន។
«នាងខ្ញុំមានក្តីសង្ឃឹមថា ក្រុមបាល់ទាត់នារីនឹងអាចឆ្លងផុតពូល ហើយអាចឆ្លងចូលដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នាងខ្ញុំក៏សំណូមពរមហាជនមេត្តាជួយគាំទ្រលើកទឹកចិត្តដល់ក្រុមបាល់ទាត់នារីផង បើទោះបីជាក្រុមបាល់ទាត់នារីកម្ពុជាធ្វើបានល្អ ឬមិនសូន្យបានល្អ ក្នុងការប្រកួតស៊ីហ្គេម ២០២៣នេះក្តី។ ការលើកទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគឺជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន ដើម្បីជំរុញឱ្យពួកយើងបន្តការអភិវឌ្ឍឆ្ពោះទៅប្រកួតស៊ីហ្គេម និងក្រោយស៊ីហ្គេម ២០២៣ និងព្រឹត្តិការណ៍អន្តរជាតិនានា ជាបន្តបន្ទាប់ទៀតផងដែរ»។ នេះជាការលើកឡើងបន្ថែមរបស់កីឡាការិនី ញ៉ ស្រីណែត។
កីឡាការិនី ឃុន សម្ផស្សបញ្ញា អ្នកចាត់ការទូទៅក្រុមបាល់ទាត់នារីកម្ពុជាក៏បានគូសបញ្ជាក់ដែរថា ការហ្វឹកហាត់ នៅប្រទេសចិនរយៈពេលវែងនេះ គឺក្រុមបាល់ទាត់នារីកម្ពុជាទទួលបានឱកាសដ៏ល្អ ក្នុងការអភិវឌ្ឍគុណភាពបច្ចេកទេសកាន់តែប្រសើរ តាមរយៈការតស៊ូហ្វឹកហាត់យ៉ាងស្វិតស្វាញខ្លាំងក្លាណាស់ ដើម្បីស្វែងរកជ័យជម្នះ ក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣។ អ្នកចាត់ការទូទៅរូបនេះបានបន្ថែមថា៖ «ក្រុមកីឡាការិនីបាល់ទាត់កម្ពុជាមានការលះបង់ខ្ពស់ ក្នុងឆន្ទៈដ៏មោះមុត ដើម្បីគោលដៅ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ មុនពេលចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសចិន គឺយើងទាំងអស់គ្នាមានការប្តេជ្ញាចិត្តយ៉ាងខ្ពស់ថា ប្រឹងប្រែងឱ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គខ្វែងពូល ហើយបន្ទាប់ពីនោះគឺគោលដៅដណ្តើមមេដាយតែម្តង»។
គួរបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់ផ្នែកនារី មាន៨ក្រុមចូលរួម ដោយមាន២ពូល រួមមាន៖ ពូល A វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ខណៈពូល B ម្ចាស់ផ្ទះ កម្ពុជា ថៃ សិង្ហបុរី និងក្រុមឡាវ។ ក្រុមបាល់ទាត់នារីកម្ពុជាត្រូវប៉ះជាមួយក្រុមជម្រើសជាតិឡាវ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣, ប៉ះជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ និងចុងក្រោយបន្តប៉ះជាមួយក្រុមថៃ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយ៣ប្រកួតនេះ ត្រូវប្រកួតនាវេលាម៉ោង នាវេលា ១៩៖៣០ ដូចៗគ្នា នៅកីឡដ្ឋាន Smart RSN (ភ្នំពេញក្រោន) ដូចៗគ្នា៕