ខ្សែបម្រើជើងចាស់របស់ Real Madrid កីឡាករ Toni Kroos បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តស្នាក់នៅ Santiago Bernabeu រយៈពេលមួយឆ្នាំទៀត ។
យោងតាម The Athletic បានឲ្យដឹងថា គាត់បានចរចាជាមួយក្លឹបតាំងពីដើមឆ្នាំមកម្លេះ ហើយពេលនេះគាត់បានយល់ព្រមបន្តកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយ Kroos បានពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការជ្រើសរើសបន្ថែមមួយរដូវកាលទៀត។ ម្ចាស់ជើងឯក World Cup 2014 បាននិយាយក្នុងព្រឹត្តិត្តិការណ៍ផ្សេងៗ ទាំងសាធារណៈ និងឯកជន ថាគំនិតរបស់គាត់គឺមិនចង់បន្តលេងរហូតដល់វ័យចាស់ពេកនោះទេ។ គាត់ចង់បញ្ចប់អាជីពរបស់គាត់នៅពេលវេលាមួយដែលសក្តិសម។
ក្រោយមកនៅថ្ងៃច័ន្ទ គ្រូបង្វឹកក្រុម Madrid លោក Carlo Ancelotti ត្រូវបានសួរអំពីការបន្តរបស់ Kroos ហើយគាត់បាននិយាយថា «គាត់គឺជាកំពូលកីឡាករម្នាក់សម្រាប់ក្រុមស្ដេចសរ។ គាត់ស្ថិតក្នុងកម្រិតល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូចដែលគាត់បាននិយាយរួចហើយ គាត់ចង់បញ្ចប់អាជីពរបស់គាត់នៅ Madrid»៕