បាត់ដំបង ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១៧និង១៤នាទី នៅចំណុចក្រុមទី៦ ភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ គឹន វណ្ណាត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្រុមទី៦ ភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករក្ខគិរី ខេត្តបាត់ដំបង បានផឹកស្រាស្រវឹងចាប់ជើងកូនស្រីខ្លួនឈ្មោះ វណ្ណាត និមល ភេទស្រី អាយុ ០៩ខែ បោកនឹងគ្រែ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅពេលប្រពន្ធជាប់រវល់ទៅដឹកគោ។
បន្ទាប់ពីពេលកើតហេតុភ្លាម កម្លាំងនគរបាលផ្នែកជំនាញ នៃអធិការដ្ឋានស្រុករុក្ខគិរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជីក នៃអធិការដ្ឋានស្រុករុក្ខគិរី ដឹងនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គឹន វណ្ណាត នាំយកមកអធិការដ្ឋាននគរបាលស្រុករុក្ខគិរី។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានប្រើហិង្សាទៅកូនស្រីរបស់ខ្លួនពិតប្រាកដមែន ក្រោមមូលហេតុផឹកស្រាស្រវឹង។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ករណីនេះ ជនសង្ស័យខាងលេី ត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ