បេក្ខភាពស៊ីហ្គេម ស្រួង ភារី បង្ហាញបច្ចេកទេសក្នុងការប្រកួតមួយមុនពេលប្រជែងមេដាយ ស៊ីហ្គេម ២០២៣

0

ភ្នំពេញ៖ កីឡាការិនីដ៏ឆ្នើមលើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី ដែលជាបេក្ខភាពស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចូលរួមបង្ហាញសមត្ថភាព ក្នុងព្រឹត្តិការណ៍ប្រកួត ស្រួង ភារី ប៊ីយ៊ាការ៉ុម ឆ្នាំ២០២៣ នៅក្លឹបប៊ីយ៊ា Lux98 ស្ថិតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុនពេលប្រកួតប្រជែងមេដាយជូនជាតិ នាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣។

បើតាមការបញ្ជា់ពីកញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៊ា Lux98 បានឱ្យដឹងថា ការប្រកួត ស្រួង ភាវី ប៊ីយ៊ាការ៉ុម គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីខ្លាំងៗមកពី៨ប្រទេស ក្នុងនោះប្រទេសកូរ៉េ និងប្រទេសវៀតណាមដែលជាជើងខ្លាំងផ្នែកប៊ីយ៉ានេះផងដែរ។ កញ្ញាបន្ដថា សម្រាប់ការប្រកួតនេះ អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតនេះ គឺក្លឹប Lux98 បាននាំយកអាជ្ញាកណ្តាលអន្តរជាតិមកពីប្រទេសវៀតណាម ហើយក្នុងនោះ កីឡាការិនី ស្រួង ភាវី ដែលជាកីឡាការិនីតំណាងកម្ពុជាត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាផ្ចះនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏នឹងបង្ហាញខ្លួនជាកីឡាការិនីកិតិ្តយសនៅក្នុងការប្រកួតនេះផងដែរ។

ប្រធានក្លឹបរូបនេះបន្ថែមថា ការប្រកួតនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ក្នុងគោលបំណងចម្បងចំនួន២ គឺទី១ ចង់លើកស្ទូយវិស័យស្នូកឃ័រ និងប៊ីយ៉ានៅប្រទេសកម្ពុជាកាន់តែរីកចម្រើន និងទី២ ចង់រកកីឡាករដែលមានសមត្ថភាពទៅប្រកួត ស៊ីហ្គេម ២០២៣។ ការប្រកួតមិត្តភាពដល់អស្ចារ្យមួយនេះ អាចផ្តល់អត្ថប្រយោជន៍ខ្លាំងសំរាប់វិស័យប៊ីយ៉ានៅកម្ពជាអាចផ្តល់ឱកាសដល់កីឡាករពូកែៗដែលពួកគាត់មិនធ្លាប់បញ្ចេញសមត្ថភាព គឺអាចបញ្ចេញនូវសមត្ថភាពបាន ថែមទាំងធ្វើឱ្យវិស័យកីឡានេះកាន់តែរីកចំរើនជឿនលឿនដូចប្រទេសដទៃដែរ។

ជុំវិញដំណើរមកកាន់ប្រទេសកំណើត សម្រាប់ Pheavy Billiard Carom និងត្រៀមប្រកួតស៊ីហ្គេម ២០២៣ លោកស្រី ស្រួង ភាវី បានបង្ហាញក្តីរីករាយ និងបានអះអាងថា លោកស្រីបានត្រៀមខ្លួនយ៉ាងល្អ ក្នុងការចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ឆ្លើយឆ្លងតាមប្រព័ន្ធសារអេឡិចត្រូនិក លោកស្រីបានឱ្យទីភ្នាក់សារព័ត៌មានកម្ពុជា AKP ដឹងបន្ថែមថា៖ «ក្នុងនាមជានាងខ្ញុំជាកូនខ្មែរមួយរូប និងក្នុងនាមជាកីឡាការិនីមួយរូប នាងខ្ញុំពិតជាមានក្តីរំភើបរីករាយ និងមោទនភាពជាតិ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ និងកិត្តិយសជូនជាតិ ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ»។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានកំណត់បង្ហាញវិញ្ញាសាសរុបចំនួន១០ (Technical Handbook)ក្នុងនោះផ្នែកបុរស៨វិញ្ញាសា និងនារី២វិញ្ញាសា។ សម្រាប់កីឡាការិនីជម្រើសជាតិ ស្រួង ភាវី ត្រូវប្រកួត២វិញ្ញាសា គឺវិញ្ញាសាប៊ីយ៉ាការ៉ុម ១បាំង (1 Cushion) និងវិញ្ញាសា ៣បាំង (3 Cushion)។ ថ្នាក់ដឹកនាំសហព័ន្ធបានបង្ហាញក្តីសង្ឃឹមខ្ពស់របស់បេក្ខភាពប្រកួតប្រជែងរបស់កីឡាការិនី ស្រួង ភាវី សម្រាប់ស៊ីហ្គេម ២០២៣ ដែលនឹងអាចឈ្នះមេដាយមាសតែម្តង ពោលគឺ សង្ឃឹម ១០០ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន