CAMSOC ជំរុញការងារផ្សាយផ្ទាល់តាមទូរទស្សន៍សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

0

ភ្នំពេញ៖ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបើកកិច្ចប្រជុំបន្ទាន់មួយតំណាង ស្ថានីយ៍ទូទស្សន៍ក្នុងស្រុកទាំងអស់ នៅសណ្ឋាគារ សុខាភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីជំរុញការបែងចែកការងារផ្សាយផ្ទាល់តាមបណ្តាស្ថានីយទូរទស្សន៍ សម្រាប់ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សពផ្សាយនៃគណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំពិភាក្សាអំពីការបែងចែកស្ថានីយទូរទស្សន៍ សម្រាប់ការផ្សព្វផ្សាយប្រភេទកីឡា ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដមបញ្ជាក់ថា ជារួម កិច្ចប្រជុំនេះមានគោលបំណងជំរុញឱ្យការបែងចែកថា ទូរទស្សន៍ណា ត្រូវផ្សាយប្រភេទកីឡាអីខ្លះ ដើម្បីជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្ររបស់កម្ពុជា ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមប្រតិភូសង្កត់ធ្ងន់ថា យើងបានជជែកគ្នាអំពីជុំវិញ១៦ប្រភេទកីឡា ដែលត្រូវបានផលិតដោយ CSTV-SGTV ហើយត្រូវយកទៅផ្សាយនៅទូរទស្សន៍ណាខ្លះ និងម៉ោងប៉ុន្មាន។ ចំណែកឯ២១ប្រភេទកីឡាទៀតថាតើ ស្ថានីយទូរទស្សន៍ប៉ុន្មានអាចមានលទ្ធភាពផលិតបាន ហើយប្រភេទកីឡាណាខ្លះដែលផលិតមិនបាន ហើយមានមូលហេតុអ្វី ដោយសារបញ្ហាអ្វីខ្លះ ឬស្ថិតលើបញ្ហាថវិកា សមត្ថភាព ឬបច្ចេកទេស។ ឯកឧត្ដមបានបន្ដថា ការលើកឡើងបញ្ហាទាំងនេះ ដើម្បីជាមូលដ្ឋានគ្រប់គ្រាន់ដើម្បីរាយការណ៍ជូន និងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំរដ្ឋាភិបាល។

ឯកឧត្តម ផុស សុវណ្ណ បានលើកឡើងបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា កិច្ចប្រជុំថ្ងៃនេះទទួលបានផ្លែផ្កាច្រើន ដោយយើងប្រមូលធាតុចូល និងលើកបញ្ហានានាមកដោះស្រាយពិភាក្សាជាមួយគ្នា។ ស្ថានីយទូរទស្សន៍ក្នុងស្រុកនានាបានចូលរួមយ៉ាងផុសផុល ក្នុងកិច្ចការងារនេះ ហើយខ្ញុំជឿជាក់ថា ការងារផ្សព្វផ្សាយនេះ យើងបានត្រៀមខ្លួនរួចរាល់ហើយ។ដោយសារតែមានក្តីបារម្ភច្រើនលើការងារផ្សព្វផ្សាយការប្រកួតកីឡាស៊ីហ្គេមនេះ ទើបយើងបានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃនេះបន្ថែមទៀត ហើយនៅពេលដែលយើងទទួលបានកម្មវិធីច្បាស់លាស់នៃប្រកួតកីឡានីមួយៗពីគណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីជាតិនានា នោះយើងនឹងអាចបែងចែកភារកិច្ចដល់ទូរទស្សន៍ណាផ្សព្វផ្សាយកីឡាណាខ្លះ ពោលគឺយើងបានត្រៀមខ្លួនរួចរាល់ហើយ នៅក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ យ៉ាងយូរ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យើងនឹងដឹងច្បាស់ថា ស្ថានីយទូរទស្សន៍ណាខ្លះផ្សាយកីឡាណាខ្លះ និងពេលវេលាច្បាស់លាស់ផងដែរ»។

ជុំវិញការងារផ្សព្វផ្សាយ និងការផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣នេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានកំណត់បង្ហាញខ្លឹមសារថ្មីចុងក្រោយអំពីសិទ្ធិ និងភារកិច្ចគ្រប់គ្រងដឹកនាំការផ្សាយផ្ទាល់ និងព័ត៌មាន ដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយដឹកនាំដោយឯកឧត្តម ផុស សុវណ្ណ ជាប្រធាន។ CSTV ជួយរៀបចំមជ្ឈមណ្ឌលផ្សាយផ្ទាល់អន្តរជាតិ IBC និងផលិតការផ្សាយផ្ទាល់១១ប្រភេទកីឡា និង SGTV ផលិត ៥ប្រភេទកីឡា និង៣ប្រភេទកីឡាប៉ារ៉ាហ្គេមជនពិការ។ ប្រភេទកីឡា ២១ទៀត ផ្តល់សិទ្ធិជូនគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយបែងចែកជូនទូរទស្សន៍ ក្នុងប្រទេសផលិតការផ្សាយបន្តផ្ទាល់ ដោយផ្តល់សិទ្ធិជូនរកការឧបត្ថម្ភ Sponsor ដោយសេរី ទោះបីជាក្រុមហ៊ុន Competitors ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-ASEAN Para Games ក៏ដោយ។ រីឯ ១៦ប្រភេទកីឡា ផលិតដោយ CSTV-SGTV ទទួលបានបន្តផ្ទាល់ដោយសេរី ហើយទូរទស្សន៍ក្នុងស្រុកអាចរក Sponsors ដាក់ផ្សាយពេលម៉ោងសម្រាកការប្រកួតបានគ្រប់ពេលវេលា។ ការផ្សាយបន្តផ្ទាល់ដឹកនាំដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយត្រូវសហការគ្នា សម្របសម្រួលបច្ចេកទេស និងការងារជាមួយ CSTV-SGTV ក្រុមប្រព័ន្ធ GMS ក្រុមហ៊ុន Pathmazingនិងភាគីចិនរៀបចំពិធីបើក-បិទ។ ចំពោះពិធីបើក-បិទ ថតផលិតផ្សាយផ្ទាល់បញ្ចូលទៅក្នុង IBC ដោយភាគីចិនទាំងស្រុង៕

ប្រភព៖ ក្រសួងព័ត៌មាន