ភ្នំពេញ៖ ប្រតិភូបេសកជនពិសេសដឹកនាំដោយឯកឧត្តម ហោសារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 និងកីឡាប៉ារ៉ាហ្គេមលើកទី 12 លោកបណ្ឌិតសាស្ត្រាចារ្យសេងប៊ុនសុង តំណាងគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា និងសហការី បានធ្វើដំណើរចាកចេញពីទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃទី 12 ខែមេសាឆ្នាំ 2023 ដោយអញ្ជើញចូលរួមជូនដំណើរ ពីសំណាក់ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី។
ការដង្ហែព្រះអគ្គីជ័យកីឡាពីទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ទីក្រុងសិង្ហបុរីប្រទេសសិង្ហបុរីត្រូវបានធ្វើឡើងក្រោយពីរការប្រារព្ធពិធីដង្ហែព្រះអគ្គីជ័យកីឡានិងភ្លើងគប់នៅក្នុងទីក្រុងPutrajaya ប្រទេសម៉ាឡេស៊ីប្រកបដោយភាពជោគជ័យកាលថ្ងៃទី 11 ខែសីហាឆ្នាំ 2023 កន្លងទៅ។
សូមជម្រាបជូនថាព្រះអគ្គីជ័យកីឡានិងភ្លើងគប់នឹងត្រូវដង្ហែនៅក្នុងទីក្រុងសិង្ហបូរីប្រទេសសិង្ហបុរីនៅថ្ងៃទី 14 ខែមេសាឆ្នាំ 2023។
ព្រះអគ្គីជ័យកីឡាដែលត្រូវដង្ហែរតាមបណ្ដាប្រទេសសមាជិកអាស៊ាននិងប្រទេសទីម័រឡេស្តេ គឺស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតកីឡា seagame លើកទី 32 ដែលនឹងត្រូវប្រារព្ធបើកនៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2023 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានប្រតិភូបេសកជនពិសេសធ្វើការដង្ហែរជុំវិញបណ្ដាប្រទេសជាសមាជិកអាស៊ាននិងប្រទេសទទីម័រឡេស្តេ និងហែរជុំវិញបណ្ដាខេត្តដែលនៅជាប់និងបឹងទន្លេសាបព្រះរាជាណាចក្រកម្ពុជារួច៕
ប្រភព៖ ក្រសួងព័ត៌មាន