Manchester United មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Luke Shaw បានចុះកុងត្រាថ្មីដែលនឹងបន្តស្នាក់នៅក្លឹបរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027។ ខ្សែការពាររូបនេះបានបង្ហាញខ្លួនបាន 249 ប្រកួតសម្រាប់ក្លឹបចាប់តាំងពីផ្ទេរពី Southampton ក្នុងឆ្នាំ 2014 ។
Shaw បាននិយាយថា៖ «កាលពីប្រាំបួនឆ្នាំមុន ខ្ញុំបានចុះហត្ថលេខាសម្រាប់ក្លឹបដ៏អស្ចារ្យមួយនេះ ហើយខ្ញុំពិតជារំភើបក្នុងការបន្តអាជីពរបស់ខ្ញុំជាមួយនឹងក្លឹប។ ខ្ញុំបានរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីមកដល់ Manchester United ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំពេញចិត្តសម្រាប់គ្រប់យ៉ាងនៅទីនេះ ទាំងការគ្រប់គ្រង នឹងការបង្វឹកបង្ហាត់។ ខ្ញុំអាចនិយាយបានថា នេះគឺជាជំហានដ៏ជោគជ័យមួយសម្រាប់ខ្ញុំ ខ្ញុំទទួលបានទាំងកិត្តិយស កេរ្តឺ៍ឈ្មោះ និងការគោរពស្រឡាញ់ពីអ្នកគាំទ្រនៅទីនេះ។
ខ្ញុំមានហេតុផលជាច្រើន ដែលខ្ញុំសម្រេចចិត្តថានឹងបន្តជាមួយ Manchester United ពួកយើងនឹងបង្កើតអ្វីដែលពិសេសនៅទីនេះ ហើយខ្ញុំនឹងបង្ហាញអោយឃើញពីភាពល្អប្រសើររបស់ខ្ញុំ ដើម្បីក្លាយជាផ្នែកមួយសម្រាប់ក្លឹបមួយនេះ»។
លោក John Murtough នាយកបាល់ទាត់របស់ Manchester United បាននិយាយថា៖ «Luke Shaw គឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុម ហើយបានរីកចម្រើនទៅជាខ្សែការពារដែលរឹងមាំមួយនៅក្នុងពិភពបាល់ទាត់។ គាត់បានបង្ហាញអោយយើងឃើញពីការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងភាពជាខ្សែការពារឆ្នើមសម្រាប់ក្រុម»៕