Lionel Messi ត្រូវបានអ្នកគាំទ្រក្រុម Paris Saint-Germain សើចចំអកក្រោយការប្រកួតចាញ់ក្រុម Lyon ក្នុងលទ្ធផល 1-0 កាលពីថ្ងៃអាទិត្យ ហើយអនាគតរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរាយការណ៍ថា Messi គ្មានសង្ឃឹមអាចនឹងបន្តនៅក្លឹបយក្សបារាំង លើសពីរដូវក្តៅនេះទេ គាត់អាចនឹងចាកចេញបន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់អស់សុពលភាព។
Loic Tanzi និង Jose Barroso បានរាយការណ៍តាមរយៈ L’Equipe ថា PSG ឈានកាន់តែគៀកក្នុងការចែកផ្លូវជាមួយ Messi។ ក្លឹបបានដាក់សំណើបន្តកិច្ចសន្យា ប៉ុន្តែ PSG ត្រូវតែគោរពទៅតាម UEFA Financial Fail Play។
ចំណែកអតីតមិត្តរួមក្រុមរបស់គាត់លោក Thierry Henry បានប្រាប់ថាប្រធានក្រុមអាហ្សង់ទីនរូបនេះ គួរតែត្រលប់មកកាន់ក្លឹប Barcelona វិញ។ Henry បានបន្តថា៖ «វាជារឿងគួរឲ្យអាម៉ាស់ នៅពេលឮសំឡេងមិនពេញចិត្តពីអ្នកគាំទ្រនៅ Parc des Princes។ ប៉ុន្តែការផ្លាស់មកកាន់ទឹកដី Camp Nou វិញវាមិនមែនជារឿងដែលងាយស្រួលនោះទេ»។
មួយវិញទៀតថ្មីៗនេះយោងតាមការចេញផ្សាយរបស់លោក Fabrio Romano បានអោយដឹងថាក្លឹប Al Hilal របស់អារ៉ាប៊ីសាអូឌីត ដែលជាក្លឹបដ៏មានកិត្យានុភាពបំផុតនៅក្នុងតំបន់អាស៊ី។ ពួកគេបានផ្ដល់សំណើរដ៏មិនគួរអោយជឿមួយដល់កីឡាករ Leo Messi សម្រាប់ការចូលរួមក្លឹបមួយនេះដែលបានផ្ដល់តម្លៃប្រមាណ 400 លានអឺរ៉ូក្នុងមួយរដូវកាល។
គួរបញ្ជាក់ផងដែរ គុណភាពនឹងកម្រិតនៃការបង្ហាញសមត្ថភាពរបស់គាត់ ហាក់ធ្លាក់ចុះបន្តិចមែន ប៉ុន្តែគាត់នៅតែជាកីឡាករម្នាក់ដ៏ល្អសម្រាប់ក្រុមParis Saint-Germain ដោយរកបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១៣ ដងសម្រាប់ក្លឹបអ្នកមានបារាំង៕