សមយុទ្ធនាគមាសលើកទី៥ រវាងកងទ័ពកម្ពុជា និងចិន បានបិទបញ្ចប់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។
ពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពល ខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិននេះ ធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សមិទ្ធផលដែលសម្រេចបាន ក្នុងសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ ប្រជាជនចិននាពេលនេះ បានកើតឡើងតាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលទ្ធផលជំនួបពិភាក្សាជាមួយ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និងឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា «ការធ្វើសមយុទ្ធរួមគ្នា នាគមាស-ឆ្នាំ២០២៣ លើកនេះ បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ កម្ពុជា-ចិន បានពួនជ្រំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពី ទំនាក់ទំនងអន្តរជាតិបែបថ្មី»។
សម្តេចពិជ័យសេនាបន្តថា សមយុទ្ធរួមគ្នានេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និង ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិ មានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅ ឥតងាករេនូវ «មិត្តភាពដែកថែប យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសំដៅ ជំរុញកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ»។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ របស់គណៈកម្មការដឹកនាំដំណើរការ សមយុទ្ធរួមគ្នា នាគមាស-ឆ្នាំ២០២៣ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ កងទ័ពរំដោះប្រជាជនចិន អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំតាមស្ថាប័នក្រសួង ការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ រៀបចំសមយុទ្ធរួមគ្នាលើកនេះ ដំណើរការទៅដោយរលូនទទួលបានជោគជ័យ តាមការគ្រោងទុក។
សមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»។ សមយុទ្ធធ្វើឡើងនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមយុទ្ធនាគមាសលើកទី៥នេះ រៀបចំធ្វើឡើង ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។ សមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួម ផ្ទាល់ចំនួន ៥៨៣នាក់ និងកងទ័ពចិនមានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើង ដោយចៃដន្យនោះឡើយ។ សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ព ប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅ និងធ្វើការ ងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។ សមយុទ្ធនា គមាសរវាងកម្ពុជា-ចិន បានធ្វើឡើងលើកដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់រួមមាន៖ ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០៕
ប្រភព៖ ក្រសួងព័ត៌មាន