ក្រុមមានខ្នាយមាស Tottenham Hotspur បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាពួកគេនឹង “មិននៅស្ងៀមឡើយ” ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងបន្ទាប់ពីអ្នកគាំទ្របានទាត់អ្នកចាំទីរបស់ Arsenal កីឡាករ Aaron Ramsdale នៅចុងបញ្ចប់នៃការប្រកួត North London Derby ។
Arsenal បានយកឈ្នះក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Tottenham Hotspur កាលពីថ្ងៃអាទិត្យដោយគ្រាប់បាល់ OG របស់អ្នកចាំទី Hugo Lloris និងមួយគ្រាប់ទៀតរកបានដោយ Martin Odegaard។
បន្ទាប់ពីសំឡេងកញ្ចែបានបន្លឺឡើងនៅចុងម៉ោង អ្វីៗបានប្រែទៅជាអាប់អួរ ខណៈដែល Richarlison បានប្រឈមមុខដាក់គ្នាជាមួយនឹង Ramsdale ហើយអ្នកគាំទ្រ Spurs មានការខឹងសម្បារ ដោយម្នាក់បានលោតទៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម និងទាត់ Ramsdale ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបទាក់ទងនឹងឧប្បត្តិហេតុនេះ Tottenham បានសរសេរថា៖
«យើងមានការរន្ធត់ចិត្តចំពោះអាកប្បកិរិយារបស់អ្នកគាំទ្រដែលប៉ុនប៉ងវាយប្រហារអ្នកចាំទី Aaron Ramsdale របស់ក្រុម Arsenal នៅចុងបញ្ចប់នៃការប្រកួតថ្ងៃនេះ។ អំពើហិង្សាគ្រប់ទម្រង់ គឺមិនគួរឲ្យកើតមាននៅក្នុងបាល់ទាត់ទេ»។
«ក្លឹបបានពិនិត្យវីដេអូ CCTV របស់ខ្លួនដើម្បីកំណត់អត្តសញ្ញាណអ្នកគាំទ្រ ហើយនឹងធ្វើការជាមួយ Police ក៏ដូចជា Arsenal និង Aaron Ramsdale ដើម្បីចាត់វិធានការខ្លាំងក្លាបំផុតដែលអាចធ្វើទៅបាន រួមទាំងពិន័យជនបង្ករមិនឲ្យចូលកីឡដ្ឋាន Tottenham Hotspur»៕