Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាមានលក្ខខ័ណ្ឌពិសេសមួយនៅក្នុងកិច្ចសន្យារបស់គាត់ ដែលនឹងអនុញ្ញាតឱ្យតារាឆ្នើមព័រទុយហ្គាល់រូបនេះត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ។ រឿងនេះនឹងកើតឡើងលុះត្រាតែ Newcastle United បញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 នៅរដូវកាលនេះ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត UEFA Champions League នៅរដូវកាលក្រោយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA។
Ronaldo បាន ក្លាយ ជា កីឡាករគ្មានតម្លៃផ្ទេរ ចាប់ តាំង ពី ការ បញ្ចប់ កិច្ច សន្យា របស់គាត់ជាមួយ ក្រុម Manchester United នៅ ថ្ងៃ ទី 22 ខែ វិច្ឆិកា។ ថ្មីៗនេះគាត់បានចុះហត្ថលេខាជាមួយក្លឹប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានបង្ហាញខ្លួននៅថ្ងៃអង្គារទី 3 ខែមករាក្នុងនាមជាកីឡាកររបស់ពួកគេ។
Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ UEFA Champions League និងជាអ្នកឈ្នះពានរង្វាន់ប្រាំសម័យកាលនោះ បានចាកចេញពីអឺរ៉ុបជាលើកដំបូងក្នុងអាជីពរបស់គាត់។
ទោះ ជា យ៉ាង ណា គាត់ ប្រហែល ជា នៅ សល់ ឱកាសមួយ ទៀត សម្រាប់អាជីពនៅ អឺរ៉ុប។ Newcastle United ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងតារាងក្របខ័ណ្ឌ Premier League អាចជាផ្ទះបន្ទាប់របស់តារាឆ្នើមព័រទុយហ្គាល់នៅរដូវកាលក្រោយ៕