Ronaldo ត្រូវបានបង្ហាញវត្តមានជាកីឡាករថ្មីរបស់ Al-Nassr កាលពីថ្ងៃអង្គារ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមអារ៉ាប៊ីសាអូឌីតនៅចុងខែធ្នូ។
នៅក្នុងបទសម្ភាសន៍លើកដំបូងសម្រាប់ក្លឹបថ្មីរបស់គាត់ កីឡាករអន្តរជាតិព័រទុយហ្គាល់បានអះអាងថាគាត់បានឈ្នះអ្វីៗទាំងអស់ដែលមាននៅក្នុងទ្វីបអឺរ៉ុប ហើយកិច្ចសន្យាដែលមានប្រាក់ពលកម្មដ៏ខ្ពស់នេះគឺ “ធម្មតា” សម្រាប់កីឡាករដែលមានគុណភាពដូចជារូបគាត់។
នៅក្នុងបទសម្ភាសន៍មួយ Ronaldo បាននិយាយថា៖ «អាជីពរបស់ខ្ញុំនៅអឺរ៉ុបគឺជោគជ័យ ខ្ញុំបានលេងនៅក្លឹបល្អបំផុតក្នុងពិភពលោក… ហើយខ្ញុំបានឈ្នះគ្រប់យ៉ាង។ ខ្ញុំសប្បាយចិត្ត មានមោទនភាពដែលបានចូលរួមជាមួយ Al Nassr។ កិច្ចសន្យានេះគឺប្លែកពីគេ ព្រោះខ្ញុំជាកីឡាករពិសេសម្នាក់។ វាជារឿងធម្មតាសម្រាប់ខ្ញុំ ខ្ញុំនៅទីនេះដើម្បីបំបែកកំណត់ត្រា និងជួយអភិវឌ្ឍន៍វិស័យបាល់ទាត់។ ខ្ញុំមានឱកាសជាច្រើននៅអឺរ៉ុប។ ក្លឹបជាច្រើននៅប្រេស៊ីល អូស្ត្រាលី អាមេរិក និងព័រទុយហ្គាល់បានព្យាយាមចុះហត្ថលេខាជាមួយខ្ញុំ ប៉ុន្តែខ្ញុំបានជ្រើសរើសយក Al Nassr ។ មនុស្សជាច្រើននិយាយ… ប៉ុន្តែពួកគេមិនបានដឹងអំពីបាល់ទាត់ទេ។ ខ្ញុំដឹងថា លីគរបស់អារ៉ាប៊ីសាអូឌីត មានការប្រកួតប្រជែងខ្លាំង ខ្ញុំបានឃើញការប្រកួតជាច្រើន ខ្ញុំសប្បាយចិត្ត និងមានមោទនភាពនៅទីនេះ»៕