Manchester United ត្រូវបានគេនិយាយថាជាអ្នកនាំមុខគេក្នុងការប្រជែង ដើម្បីចុះហត្ថលេខាជាមួយកីឡាកររបស់ក្លឹប Benfica និងអាហ្សង់ទីន Enzo Fernandez។
នេះបើតាមអ្នកកាសែត Gaston Edul បានឲ្យដឹងថាបិសាចក្រហមជាក្រុមដែលទំនងបំផុតក្នុងការប្រជែងយកខ្សែបម្រើរូបនេះសម្រាប់ខែមករា។ ទោះជាយ៉ាងណា ពួកគេត្រូវប្រឈមជាមួយ Liverpool និង Real Madrid ផងដែរ។
Fernandez បានបញ្ចេញពន្លឺនៅ World Cup ដោយបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឱ្យទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រ និងដណ្តើមបានពានរង្វាន់កីឡាករវ័យក្មេងនៃការប្រកួតផងដែរ។
ខ្សែបម្រើវ័យ 21 ឆ្នាំរូបនេះមានតម្លៃផ្តាច់កុងត្រា 105 លានផោន ហើយភ្នាក់ងាររបស់គាត់ត្រូវបានគេអះអាងថា បានធ្វើដំណើរទៅប្រទេសព័រទុយហ្គាល់រួចហើយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូររបស់គាត់៕