លោក Didier Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានផ្តល់ការឆ្លើយតបយ៉ាងអាថ៌កំបាំង បន្ទាប់ពីត្រូវបានសួរអំពីពាក្យចចាមអារ៉ាមថា Karim Benzema នឹងត្រលប់មកវិញសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ។
សារព័ត៌មាន Mundo Deportivo បានរាយការណ៍ថាកីឡាករវ័យ 34 ឆ្នាំរូបនេះបានចូលរួមយ៉ាងពេញលេញក្នុងការហ្វឹកហាត់នៅក្លឹប Real Madrid ម្តងទៀត ហើយសមល្មមដែលគាត់អាចវិលទៅជួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ។
ប្រសិនបើដូច្នោះមែន ការសម្រេចចិត្តពេលនេះស្ថិតនៅលើលោក Deschamps ហើយខណៈពេលដែលការនាំយក Benzema ត្រឡប់មកវិញហាក់បីដូចជាលំបាកបន្តិច ដោយសារបារាំងបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដោយគ្មានរូបគាត់។
អ្នកចាត់ការទូទៅវ័យ 54ឆ្នាំបានបដិសេធមិនព្រមធ្វើការបកស្រាយ នៅពេលសួរអំពីលទ្ធភាពនៃការវិលត្រលប់របស់ Benzema។ លោក Deschamps បាននិយាយនៅពេលគេសួរបន្ទាប់ពីក្រុមរបស់គាត់ឈ្នះ 2-0 លើម៉ារ៉ុកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថា «ខ្ញុំចង់បន្តទៅសំណួរបន្ទាប់» ។
គួររំលឹកឡើងវិញដែរថា Benzema ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំង ប៉ុន្តែជាអកុសលខ្សែប្រយុទ្ធរូបនេះបានរបួសភ្លៅមួយថ្ងៃមុនការប្រកួតបានចាប់ផ្តើម។ គាត់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ ដើម្បីទទួលការព្យាបាលនៅក្លឹបរបស់គាត់គឺ Real Madrid៕