គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos មិនដាក់សម្ពាធចំពោះ Cristiano Ronaldo ទេ បើទោះបីជាកំពូលតារាឆ្នើមរបស់ក្រុម Manchester United រូបនេះមិនអាចរកគ្រាប់បាល់បានក្នុងការប្រកួតឈ្នះ 4-0 របស់ Selecao ទល់នឹងសាធារណរដ្ឋឆេកក្នុងពាន Nations League ក៏ដោយ។
Santos បានបន្តសរសើរកីឡាករវ័យ 37 ឆ្នាំ ដោយបានលើកឡើងថា៖ «បាល់ទាត់គឺបែបហ្នឹង។ Cristiano Ronaldo មានឱកាសស៊ុតបីទៅបួនដង ប៉ុន្តែគាត់មិនបានស៊ុតបញ្ចូលទី វាជាផ្នែកមួយនៃបាល់ទាត់ គាត់ធ្វើការច្រើនសម្រាប់ក្រុម។ ប្រសិនបើគាត់ មិនបានបង្កើតឲ្យមានចន្លោះទំនេរ នៅក្នុងតំបន់គ្រោះថ្នាក់របស់គូប្រកួត គ្រាប់បាល់ក៏មិនអាចកើតឡើងបានដែរ»។
«ពិតណាស់ យើងទាំងអស់គ្នារំពឹងថាមានគ្រាប់បាល់ស៊ុតបញ្ចូលទីពី Cristiano Ronaldo ប៉ុន្តែយើងទាំងអស់គ្នាក៏រំពឹងការរកគ្រាប់បាល់ពីកីឡាករផ្សេងទៀតក្នុងក្រុមព័រទុយហ្គាល់ដែរ ហើយគាត់ក៏សប្បាយចិត្តដែរ។ គាត់សប្បាយចិត្តព្រោះយើងឈ្នះ»។
បញ្ជាក់ផងដែរថា ព័រទុយហ្គាល់នឹងត្រូវប៉ះអេស្ប៉ាញក្នុងពាន Nations League នៅថ្ងៃអង្គារ (២៧ កញ្ញា)៕